ព័ត៌មានអន្តរជាតិ

វៀតណាម បន្ថែមមន្ទីរពេទ្យ២ទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈការផ្ទុះវីរុសកាន់តែអាក្រក់

បរទេស៖ ទីក្រុង ហូជិមិញ នឹងប្រើមន្ទីរពេទ្យចំនួន២បន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ខណៈអគារចំនួន ៥ ក្នុងចំណោម ៩ កន្លែង ជិតពេញហើយនោះ។ មន្ទីរពេទ្យទាំងពីរនោះ នឹងបន្ថែមគ្រែចំនួន ១ ៥០០ សម្រាប់ការព្យាបាល Covid-19 នៅក្នុងទីក្រុង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយមានគ្រែចំនួន ៥០០ មន្ទីរពេទ្យ Binh Chanh ក្នុងស្រុក Binh Chanh នឹងត្រូវបានរៀបចំជាអាគារថ្មីសម្រាប់ការព្យាបាល Covid-19 ។ តាមការគ្រោងទុកវានឹងចាប់ផ្តើមទទួលអ្នកជំងឺថ្ងៃសុក្រ។

មន្ទីរពេទ្យផ្សេងទៀតដែលត្រូវបានជ្រើសរើសសម្រាប់ផែនការនេះ គឺមន្ទីរពេទ្យទូទៅ Thu Duc ក្នុងទីក្រុង Thu Duc ។

គេរំពឹងថា ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយ មន្ទីរពេទ្យនឹងបញ្ឈប់ប្រតិបត្ដិការនៃផ្នែកព្យាបាលរបស់ខ្លួន សម្រាប់ជំងឺផ្សេងទៀតហើយមានតែផ្តល់សេវាពិគ្រោះជំងឺប៉ុណ្ណោះ។

គ្រែចំនួន ១០០០ គ្រែនៅមន្ទីរពេទ្យ នឹងត្រូវប្រើសម្រាប់ព្យាបាលអ្នកជំងឺ Covid-19 រួមទាំងកុមារផងដែរ។ រួមជាមួយគ្រែចំនួន ៣ ៥០០ នាពេលបច្ចុប្បន្ននេះទីក្រុងហូជីមិញ នឹងមានចំនួនសរុប ៥០០០ សម្រាប់ការព្យាបាល Covid-19 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top