បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បងប្រព័ន្ធរ៉ាដាតាមដានកូនដ្រូនថ្មីមួយ ដែលមានសមត្ថភាពអាចកំណត់មុខសញ្ញាកូនដ្រូនរបស់សត្រូវបាន ក្នុងរយៈចម្ងាយ៥ម៉ាយ និងធ្វើឲ្យគាំងម៉ាស៊ីនដំណើរការលែងកើត។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលកម្មវិធីទិញឧបករណ៍ ការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា ប្រព័ន្ធតាមដានប្រឆាំងកូនដ្រូននេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ ជាំមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសកូរ៉េខាងត្បូង។
ចំណែកទីភ្នាក់សារព័ត៌មានកូរ៉េខាងត្បូងមួយទៀត ឈ្មោះ យុនហាប់ បានរាយការណ៍ថា ប្រព័ន្ធនេះមានសមត្ថភាពអាចចាប់សញ្ញាកូនដ្រូនដែលមានទំហំដ៏តូចប៉ុនបាល់បោះបាន។
យោធាកូរ៉េខាងត្បូងបាននិយាយប្រាប់ឲ្យដឹងថា ឧបករណ៍នេះ ក៏ត្រូវបានធ្វើតេស្តនិងបង្ហាញឲ្យឃើញពីសមត្ថភាពចាប់សញ្ញាកូនដ្រូន ដែលមានប្រវែង១២អ៊ីង ស្ថិតក្នុងរយៈចម្ងាយ៥ម៉ាយ។
រដ្ឋបាលកម្មវិធីទិញឧបករណ៍ការពារជាតិរបស់ ទីក្រុងសេអ៊ូលបាននិយាយយ៉ាងដូច្នេះថា “បច្ចេកវិទ្យាប្រព័ន្ ធរ៉ាដាចាប់សញ្ញាកូនដ្រូន គឺត្រូវបានអភិវឌ្ឍជាលើកដំបូង និងធ្វើឲ្យពាណិជ្ជកម្មនៅបរទេស ហើយវាត្រូវបានគេស្គាល់ថា ប្រព័ន្ធរ៉ាដាមានបច្ចេកវិទ្យាចាប់សញ្ញាកូនដ្រូនតូចៗ នៅចម្ងាយ៤,៣ម៉ាយ នៅក្នុងប្រទេសដទៃ”៕
ប្រែសម្រួល៖ប៉ាង កុង