ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ជួបជាមួយមេដឹកនាំអាហ្វហ្គានីស្ថាន នៅពេលដែលស្ថានភាព កាន់តែយ៉ាប់យ៉ឺន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់ការផ្សះផ្សាជាតិ Abdullah Abdullah នៅឯសេតវិមានខណៈស្ថានភាព នៅក្នុងប្រទេសនេះកាន់តែអាក្រក់ទៅៗ។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំ អាហ្វហ្គានីស្ថានទាំងពីរបានកើតឡើង ចំពេលដែលស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលយោធាសហរដ្ឋអាមេរិក បានបញ្ចប់ការដកទ័ពជាង ពាក់កណ្តាលចេញពីប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ។

លោក បៃដិន បានឲ្យដឹងនៅដើមនៃកិច្ចប្រជុំថា “កងទ័ពរបស់យើង អាចនឹងចាកចេញ ប៉ុន្តែការគាំទ្រសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន មិនត្រូវបានបញ្ចប់នៅក្នុងលក្ខខណ្ឌនៃការគាំទ្រ និងការថែរក្សាការជួយថែរក្សាយោធា ក៏ដូចជាការគាំទ្រផ្នែកសេដ្ឋកិច្ច និងនយោបាយនោះឡើយ” ។

លោកបានបន្ដថា“ ប្រជាជនអាហ្វហ្គានីស្ថាន នឹងត្រូវសម្រេចចិត្តពីអនាគតរបស់ពួកគេ អំពើហឹង្សាដែលគ្មានន័យ ត្រូវតែបញ្ឈប់” ។

លោក Ghani បានកត់សម្គាល់ថា ភាពជាដៃគូរវាងអាហ្វហ្គានីស្ថាន – អាមេរិក កំពុងចូលក្នុងជំពូកថ្មីដោយបន្ថែមថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានដណ្តើមកាន់កាប់ស្រុកចំនួន ៦ នៅថ្ងៃសុក្រម្សិលមិញនេះ។

មេដឹកនាំអាហ្វហ្គានីស្ថានទាំងពីរ ក៏បានជួបជាមួយប្រធានសភាលោកស្រី Nancy Pelosi និងរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin មុននេះផងដែរ។

សេតវិមានក្រោយមកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យប្រទេសអាហ្វហ្គានីស្ថាន នូវជំនួយវេជ្ជសាស្រ្តបន្ទាន់ និងទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ៣ លានដូសតាមរយៈកម្មវិធី COVAX។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀងថា លោក បៃដិន បានស្នើសុំជំនួយសន្តិសុខជាង ៣,៣ ពាន់លានដុល្លារអាមេរិក ដល់យោធាអាហ្វហ្គានីស្ថាននៅឆ្នាំក្រោយ ហើយទម្រង់នៃការគាំទ្រ ផ្នែកហិរញ្ញវត្ថុផ្សេងទៀត ក៏នឹងបន្តកើតមានផងដែរ ៕

ដោយ ឈូក បូរ៉ា

To Top