បរទេស៖មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងលែងមើលឃើញកោះតៃវ៉ាន់ ជាបញ្ហាមួយក្នុងចំណោមមិត្តភាព ជាមួយប្រទេសចិន ប៉ុន្តែមើលឃើញថា ជាឱកាសមួយ ក្នុងការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឲ្យមានភាពសេរី និងបើកចំហ។
ដូចទៅនឹងប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក មិនមានចំណងមិត្តភាព ការទូតផ្លូវការ ជាមួយកោះលទ្ធិប្រជាធិបតេយ្យ ដែលចិនអះអាងកម្មសិទ្ធិទេ ប៉ុន្តែវាជាអ្នកគាំទ្រ អន្តរជាតិដ៏សំខាន់បំផុត របស់តៃវ៉ាន់ ដែលជាហេតុធ្វើឲ្យចិនខឹង ហើយរដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបែរធ្វើការគាំទ្រជាថ្មីទៀត។

នៅក្នុងសុន្ទរកថាមួយនៅទីក្រុងតៃប៉ិ លោក Raymond Greene ជាអនុប្រធាន នៃវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ បានមានប្រសាសន៍ នៅពេលលោកធ្វើការងារដំបូង ជាមួយតៃវ៉ាន់ កាលពីពេលជិត២ទសវត្សកន្លងទៅថា គ្រប់យ៉ាងដែលខ្លួនបានធ្វើ មានការពាក់ព័ន្ធទៅនឹង បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងរបៀបដែលតៃវ៉ាន់សម ក្នុងចំណងមិត្តភាពអាមេរិក-ចិន។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនឹងលែងមើលឃើញតៃវ៉ាន់ ជាបញ្ហាក្នុងចំណងមិត្តភាព របស់យើងជាមួយចិន យើងមើលឃើញវាជាឱកាសមួយ ដើម្បីជំរុញទស្សនវិស័យរួមគ្នារបស់យើង សម្រាប់សេរីភាព និងភាពបើកចំហ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយក៏ជានិមិត្តសញ្ញាមួយ សម្រាប់មនុស្សជុំវិញពិភពលោក ដែលប្រាថ្នាចង់បានពិភពលោក ដែលកាន់តែមានសុវត្ថិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ”៕ប្រែសម្រួល៖ប៉ាង កុង
