Covid-19

អ្នកចូលទស្សនា ពេញទីលានប្រកួតបាល់ទាត់ បង្កឲ្យមានមន្ទិលសង្ស័យ (Video)

ហុងគ្រី៖ ពួកខ្ញុំ បានចាក់វ៉ាក់សាំង របស់ចិន

យោងការចុះផ្សាយរបស់សារព័ត៍មាន បរទេសបានឲ្យដឹងថា ដោយរងការប៉ះពាល់ ពីស្ថានភាពឆ្លងនៃជំងឹកូវីដ-១៩ ធ្វើឲ្យចំនួនទស្សនិកជន តិចតួចណាស់ ដែលបានចូលទស្សនាផ្ទាល់ ក្នុងទីលានប្រកួត ក្នុងចំណោម ការប្រកួតជាច្រើនលើក ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប Euro លើកនេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា(ម៉ោងនៅប្រទេសកម្ពុជា) ពោលគឺក្នុងការប្រកួត ក្រុមតូច ដែលប្រព្រឹត្តនៅទីលាន Stadium Puskás Ferenc នៃប្រទេសហុងគ្រី ទីបំផុតមានអ្នកចូលទស្សនា ពេញទីលានប្រកួត បានធ្វើឲ្យអ្នកគាំទ្រ ក្រុមកីឡាបាល់ទាត់ រំភើបយ៉ាងក្រៃលេង។ ប៉ុន្តែទន្ទឹមនឹងនេះក៏បានបង្កឲ្យមានមន្ទិលសង្ស័យ ពីសារព័ត៍មាន អឺរ៉ុប មួយចំនួន ក៏ដូចជាការព្រួយបារម្ភ ពីអ្នកនយោបាយ ដូចជាលោកស្រី អាំងគិឡា ម៊ែខិល នាយករដ្ឋមន្ត្រី នៃប្រទេសអាល្លីម៉ង់ ជាដើម។ល។

សារព័ត៍មានបានរាយការណ៍ថា ដើម្បីរំលឹកខួប៦០ឆ្នាំ នៃពានរង្វាន់អឺរ៉ុប Euro សហព័ន្ធបាល់ទាត់អីរ៉ុប បានសម្រេចរៀបចំ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អឺរ៉ុប Euro លើកនេះ ក្នុងទីក្រុងចំនួន១១ ក្នុងទ្វីបអឺរ៉ុប ដោយពុំបានជ្រើសរើស ប្រទេសណាមួយ ធ្វើជាម្ចាស់ផ្ទះឡើយ ចំណែករដ្ឋធានីប៊ុយដាប៉ែស នៃប្រទេសហុងហ្គាលី ក៏ជាទីក្រុងមួយ ក្នុងចំណោមទីតាំង រៀបចំការប្រកួតដែរ។

យោងតាមការចុះផ្សាយ របស់កាសែតអង់គ្លេស The Independent បានឲ្យដឹងថា ក្នុងការប្រកួតកូនក្រុម នៃព្រឹត្តិការណ៍ ពានរង្វាន់អឺរ៉ុប Euro លើកនេះ ដែលរៀបចំ នៅទីលាន Stadium Puskás Ferenc មានអត្រានៃអ្នកចូលទស្សនា ក្នុងទីលានប្រកួតសឹងតែ ១០០% ដែលជាតួលេខដ៏គួរ ឲ្យភ្ញាក់ផ្អើល សរុបចំនួនអ្នកចូលរួម ទស្សនាផ្ទាល់ ប្រមាណ៦ម៉ឹន១ពាន់នាក់។

សារព័ត៍មានហុងហ្គាលី​បានថ្លែងប្រកបដោយ មោទភាពថា Stadium Puskás Ferenc នឹងក្លាយជាទីលាន ប្រកួតតែមួយគត់ ដែលមានអត្រា អ្នកចូលទស្សនា ការប្រកួត១០០% ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ពានរង្វាន់អឺរ៉ុប Euro លើកនេះ។

អ្នកគាំទ្រកីឡាបាល់ទាត់ មានអារម្មណ៍រំភើបក្រៃលេង ចំពោះទិដ្ឋភាព អ្នកចូលទស្សនា ពេញទីលាន ប្រកួតដែលខានឃើញយូរមកហើយ។ អ្នកគាំទ្រជាច្រើន បានសំដែងនូវសេចក្តីរំភើប របស់ខ្លួន តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម។ មានអ្នកគាំទ្រខ្លះ បានលើកឡើងថា ក្នុងការប្រកួត រវាងប្រទេសហុងគ្រី និងប្រទេសព័រទុយហ្គ័ល មានអត្រា នៃអ្នកចូលទស្សនាពេញ ទីលានប្រកួត ដែលមានចំនួន រហូតដល់៦ម៉ឺន ១ពាន់នាក់ នៅទីក្រុងប៊ុយដាប៉ែស ទីបំផុតការរស់នៅ បានប្រែទៅរក ភាពធម្មតាខ្លះវិញហើយ។ មានអ្នកគាំទ្រ យល់ឃើញថា នេះគឺជាសញ្ញាល្អមួយ។ ក៏មានអ្នកគាំទ្របាល់ទាត់ខ្លះ បានបង្ហោះនូវ រូបថតរបស់អ្នកគាំទ្រ កីឡាបាល់ទាត់ ដែលបានចូលទស្សនា យ៉ាងច្រើនកុះករ នៅក្រៅទីលានប្រកួត ហើយបានសសេរថា៖ នេះគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយ។ មានអ្នកគាំទ្រ ក្រុមកីឡាបាល់ទាត់ហុងគ្រី ដែលបានអះអាង ប្រកបមោទភាពថា ពួកគេគឺជាប្រទេសតែមួយគត់ ដែលសម្រេច នូវចំណុចនេះ ក្នុងព្រឹត្តិការណ៍ ពានរង្វាន់អឺរ៉ុបលើកនេះ។ ចំណែកអ្នកគាំទ្រ ក្រុមកីឡាបាល់ទាត់ របស់ប្រទេសផ្សេង ក៏បានថ្លែងថា៖ សែននឹកបរិយាកាស នៃការប្រកួតមួយនេះ ក៏ជឿជាក់លើ វិធានការបង្ការ ការពារជំងឺកូវីដ១៩ របស់ប្រទេសហុងហ្គាលី ផងដែរ។

ទោះបីការប្រកួតកូនក្រុម ដែលរៀបចំ នៅប្រទេសហុងគ្រី មួយនេះ ធ្វើឲ្យទាំងអស់គ្នាពុំអាចបំភ្លេចបាន ប៉ុន្តែដោយសារតែស្ថានភាពឆ្លងនៃជំងឺកូវីដ១៩នៅមិនទាន់បញ្ចប់ ដូច្នេះអត្រា១០០% នៃអ្នកចូលទស្សនា បាននាំមកនូវសេចក្តី បារម្ភមិនតិចឡើយ។ តាមសេចក្តីរាយការណ៍ ការប្រកួតកូនក្រុមមួយផ្សេងទៀត ដែលប្រព្រឹត្តនៅទីលានកីឡាដ្ឋាន Munich នៅប្រទេសអាល្លីម៉ង់ ក្នុងថ្ងៃតែមួយ សម្រាប់ទីលានប្រកួត ដែលអាចទទួល អ្នកទស្សនាជាង ៧ម៉ឺននាក់ មានអ្នកចូលទស្សនា ផ្ទាល់តែជាង១ម៉ឺននាក់ តែប៉ុណ្ណោះ សរុបអត្រា នៃអ្នកចូលទស្សនា បានត្រឹមតែ២០% បើប្រៀបធៀបនឹងទិដ្ឋភាព ដ៏អ៊ូអរនៅ Stadium Puskás Ferenc ឃើញថាខុសគ្នាស្រឡះ។ ហេតុដូច្នេះ ទើបមានសារព័ត៍មានអឺរ៉ុប និងអ្នកនយោបាយមួយចំនួន បានបង្ហាញនូវសេចក្តី ព្រួយបារម្ភ ចំពោះអត្រាចូលទស្សនា ពេញទីលានប្រកួត នៅStadium Puskás Ferenc។

ទីភ្នាក់ងារ ព័ត៌មាន AP រាយការណ៍ ថា លោកស្រី ម៊ែខិល នាយករដ្ឋមន្ត្រី នៃប្រទេសអាល្លីម៉ង់ បានថ្លែងនាថ្ងៃទី១៨ ខែមិថុនា ៖ នៅពេលដែលលោកស្រី ឃើញទិដ្ឋភាព អ្នកចូលទស្សនា ពេញទីលានប្រកួតកីឡាបាល់ទាត់ នៅក្នុងប្រទេសអឺរ៉ុប មួយចំនួន លោកស្រីមានការសង្ស័យខ្លះ នូវសេចក្តីសម្រេចចិត្ត របស់ប្រទេសនោះ ថាពិតជាត្រឹមត្រូវដែរឬទេ។ ទោះបីជាយ៉ាណាក៏ដោយ លោកស្រី ម៊ែខិល ពុំមានចង្អុលឈ្មោះចំ ទៅប្រទេសហុងហ្គាលី ឡើយ ប៉ុន្តែលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស របស់ប្រទេសហុងគ្រី ក៏បានឆ្លើយតប ចំពោះបញ្ហានេះ ក្នុងថ្ងៃតែមួយផងដែរ។ លោក Peter Szijjarto បានបញ្ជាក់ថា អ្នកខ្លះមិនចាំបាច់បារម្ភខ្លាំងពេកទេ តែគួរតែយកចិត្តទុកដាក់ទៅលើការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សវិញ ទើបអាចធ្វើឲ្យមានបរិយាកាសដូចនៅទីលានប្រកួត Stadium Puskás Ferenc។

អ្វីដែលគួរឲ្យរំលឹកគឺ ហុងគ្រី គឺជាប្រទេសទីមួយ ដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង របស់ប្រទេសចិន បន្ទាប់ពីបានបញ្ជាទិញ វ៉ាក់សាំងរបស់ចិន អត្រាចាក់វ៉ាក់សាំង របស់ប្រទេសនេះ បាននាំមុខគេរហូត ក្នុងចំណោមប្រទេសជាច្រើននៅអឺរ៉ុប។ យោងតាមទិន្នន័យ ពាក់ព័ន្ធបានបង្ហាញ ឲ្យឃើញថា បច្ចុប្បន្ន អ្នកបានចាក់វ៉ាក់សាំង រួចរាល់ នៅហុងគ្រី ស្មើនឹងប្រមាណ៤២.១% នៃចំនួនប្រជាជន សរុបនៃប្រទេសនេះ ស្ថិតក្នុងចំណាត់ថ្នាក់ លំដាប់ជួរមុខ នៃអត្រាចាក់វ៉ាក់សាំង លើពិភពលោក។ នេះក៏ជាមូលហេតុសំខាន់ ដែលជំរុញឲ្យអ្នកចូលទស្សនា ការប្រកួតបាល់ទាត់ ពេញទីលាន Stadium Puskás Ferenc ផងដែរ។

ចំណុចគួរប្រុងប្រយ័ត្នគឺ ទ្វេបើលើកនេះ ហុងគ្រី បានបើកនិងអនុញ្ញាតឲ្យ ចូលទស្សនាពេញទីលានប្រកួត ក៏ដោយ ប៉ុន្តែទន្ទឹមនឹងនេះ ទីលានប្រកួតបាល់ទាត់ ក៏បានអនុវត្តនូវ បទបញ្ជា បង្ការការពារយ៉ាងតឹងរឹងដែរ ដោយតម្រូវឲ្យអ្នកចូលទស្សនា ក្នុងស្រុកត្រូវចាក់វ៉ាក់សាំង រួចរាល់ និងទស្សនិកជនបរទេស តម្រូវធ្វើតេស្តពិនិត្យ រកមេរោគកូវីដ ក្នុងរយៈពេល៧២ម៉ោង ដោយទទួលបាន លទ្ធផលអវិជ្ជមាន ទើបអនុញ្ញាតឲ្យចូលទស្សនា ក្នុងទីលានប្រកួត។ ពិតប្រាកដហើយ ត្រូវរំលឹកផងដែរថា ស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ពុំទាន់បញ្ចប់ទេ ទោះបីជាក្រុមមនុស្ស ដែលបានចាក់វ៉ាក់សាំងរួចរាល់ ក៏ត្រូវប្រុងប្រយ័ត្ន និងចាត់វិធានបង្កាការពារ ឲ្យបានត្រឹមត្រូវផងដែរ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top