បរទេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ជប៉ុន Panasonic បានប្រកាសថា ខ្លួនបានលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ ដែលបានវិនិយោគ ទៅលើក្រុមហ៊ុន ផលិតរថយន្ត Tesla ប្រមាណជា ៤០០ពាន់ លានយេន ឬត្រូវជា៣,៦១ ពាន់លានដុល្លារ កាលពីចុងខែមិនា មកម្ល៉េះ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ក្រុមហ៊ុនជប៉ុននេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្ត លក់ភាគហ៊ុននេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីកាត់បន្ថយ ភាពឯករាជ្យ របស់ខ្លួនមួយចំនួន ទៅលើក្រុមហ៊ុន Tesla ហើយជាពិសេស ដើម្បីអាចប្រមូលបាន ប្រាក់មួយចំនួន មកធ្វើការវិនិយោគថ្មី ផងដែរ។

គួរឲ្យដឹងដែរថា អាជីវកម្មផលិតថ្ម រថយន្តរបស់ Panasonic គឺត្រូវបានគេមើលឃើញថា បានពឹងផ្អែកខ្លាំង ទៅលើអាជីវកម្ម ផលិតរថយន្តរបស់ Tesla ជាយូរមកហើយ ប៉ុន្តែមួយរយៈនេះ ហាក់ដូចជាមិនសូវ មានភាពចុះសម្រុងគ្នាឡើយ រវាងក្រុមហ៊ុនទាំងពីរ ។
កាលពីឆ្នាំ២០១០ ក្រុមហ៊ុន Panasonic បានចាយលុយ ប្រមាណជា២១.១៥ដុល្លារ ក្នុងមួយហ៊ុន ទិញយកភាគហ៊ុន របស់ Tesla ប្រមាណជា ១,៤លានហ៊ុន ហើយត្រឹមឆ្នាំ២០២០ ហ៊ុនទាំងនោះ មានតម្លៃសរុបដល់ទៅ ៧៣០លានដុល្លារពោលគឺបានកើនឡើង ដល់ទៅ៧ដង៕
ប្រែសម្រួល៖ស៊ុនលី
