ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ រូបភាពទីតាំងនុយក្លេអ៊ែ នឹងមិនផ្តល់ជូនទីភ្នាក់ងារ IAEA ទៀតទេ

បរទេស៖ ប្រធានរដ្ឋសភានៃប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យនេះថា ទីក្រុងតេអេរ៉ង់នឹងមិនផ្តល់រូបភាព ពីខាងក្នុងទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់មួយចំនួន ឲ្យទៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិទៀតទេ ព្រោះតែកិច្ចព្រមព្រៀងឃ្លាំមើល ជាមួយទីភ្នាក់ងារនេះ បានផុតកំណត់ហើយ។

តាមសេចក្តីរាយការណ៍ លោក Mohammad Baqer Qalibaf បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងបានផុតកំណត់ហើយ។ ព័ត៌មានដែលបានកត់ត្រាណាមួយ នឹងមិនត្រូវបានប្រគល់ជូនទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិទេ ហើយទិន្នន័យនិងរូបភាព នឹងនៅតែជាកម្មសិទ្ធិរបស់អ៊ីរ៉ង់”។

ការប្រកាសបែបនេះ នឹងអាចធ្វើឲ្យកាន់តែស្មុគស្មាញថែមទៀត ចំពោះកិច្ចពិភាក្សាគ្នារវាងអ៊ីរ៉ង់ និងមហាអំណាចធំៗទាំង៦ ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ឡើងវិញ។ កាលពី៣ឆ្នាំមុន លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងពេលនោះ បានដកអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មជាថ្មីលើទីក្រុងតេអេរ៉ង់ ចំណែកអ៊ីរ៉ង់បានចេញប្រតិកម្មតបវិញ ដោយធ្វើការបំពានលើការកំណត់ របស់កិច្ចព្រមព្រៀងជាច្រើន ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។

គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA និងទីក្រុងតេអេរ៉ង់ បានធ្វើកិច្ចព្រមព្រៀងឃ្លាំមើលមានរយៈពេល ៣ខែ កាលពីខែកុម្ភៈ ដើម្បីទប់ស្កាត់មិនឲ្យអ៊ីរ៉ង់បន្ថយ សហប្រតិបត្តិការជាមួយទីភ្នាក់ងារ ហើយវាបានអនុញ្ញាតឲ្យមាន ការឃ្លាំមើលចំពោះសកម្មភាពខ្លះៗ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top