បរទេស៖មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យោធាសហរដ្ឋអាេមរិក បានធ្វើការវាយប្រហារតាមអាកាស កាលពីល្ងាចថ្ងៃអាទិត្យ ទៅលើទីតាំងមួយចំនួន ដែលជារបស់កងជីវពលគាំទ្រ ដោយអ៊ីរ៉ង់ចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី តាមការណែនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសពីការវាយប្រហារនោះ និងបានពិពណ៌នាវាថា ជាការវាយប្រហារតាមអាកាសការពារខ្លួន ផ្តោតគោលដៅលើទីតាំងប្រតិបត្តិការដោយកងជីវពល Kata’ib Hezbollah និងកងជីវពល Kata’ib Sayyid al-Shuhada ដែលបាននិងកំពុងតែផ្តោតគោលដៅលើបុគ្គលិក អាមេរិកនិងទីតាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយប្រើកូនដ្រូនគ្មានមនុស្សបើក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា UPI នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនេះ បានមានប្រសាសន៍បន្ថែមថា ទីតាំងប្រតិបត្តិការនិងឃ្លាំងអាវុធចំនួន ពីរកន្លែងនៅក្នុងប្រទេសស៊ីរី និងមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារ តាមអាកាសនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក John Kirby បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមការបង្ហាញដោយការវាយប្រហារនៅល្ងាចនេះ លោកប្រធានាធិបតី បៃដិន បានប្រាកដច្បាស់ថា លោកនឹងធ្វើចំណាត់ការ ដើម្បីការពារបុគ្គលិកអាមេរិក ហើយព្រោះតែការវាយប្រហារជាបន្តបន្ទាប់ធ្វើឡើងដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ផ្តោតគោលដៅលើផលប្រយោជន៍សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់នោះ លោកប្រធានាធិបតី បានណែនាំឲ្យមានចំណាត់ការយោធា បន្ថែមទៀត ដើម្បីរំខាននិងរារាំងការវាយប្រហារ បែបនោះ”៕ប្រែសម្រួល៖ប៉ាង កុង