បរទេស៖ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃទី២៨ ខែមិថុនានេះថា ទីក្រុង តេអេរ៉ង់នៅពេលថ្មីៗនេះ នៅមិនទាន់ធ្វើការសម្រេចចិត្ត លើការបន្តកិច្ចព្រមព្រៀងមួយ ជាមួយទីភ្នាក់ងារឃ្លាំមើលអាតូមិកអង្គការសហប្រជាជាតិ ជុំវិញការផ្តល់ឲ្យនូវរូបភាពនៃទីតំាងនុយក្លេអ៊ែ របស់ខ្លួននៅឡើយនោះទេ។
មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “នៅមិនទាន់មានការសម្រេចចិត្តទាំងផ្នែកអវិជ្ជមាននិងផ្នែកវិជ្ជមាន ត្រូវបានធ្វើឡើងនៅឡើយនោះទេ មិនថាការបន្តកិច្ចព្រមព្រៀង ឬក៏លុបចោល (នូវទិន្នន័យ) នោះទេ ហើយនៅក្នុងពេលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងគោលជំហរពីមុន”។
ការថ្លែងបែបនេះរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសរូបនេះ ហាក់ផ្ទុកទៅនឹង គោលជំហររបស់ប្រធានរដ្ឋសភា លោក Mohammad Baqer Qalibaf ដែលបានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែមិថុនាថា ទីក្រុងតេអេរ៉ង់នឹងមិនប្រគល់រូបភាព ឲ្យទៀតទេ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេល៣ខែ រវាងប្រទេសអ៊ីរ៉ង់និងទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ IAEA ដើម្បីរក្សាខ្សែវីដេអូឃ្លិបនៅទីតាំង នុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ ដែលបានផុតកំណត់កាលពីសប្ដាហ៍មុន ក្រោយពីបន្តថែមរយៈពេលមួយខែទៀត៕ប្រែសម្រួល៖ប៉ាង កុង