បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសតួកគីនិងអាហ្ស៊ែបៃហ្សង់ បានចាប់ផ្តើមសហសមយុទ្ធយោធា នៅទីក្រុងបាគូ នាថ្ងៃចន្ទនេះ ដោយធ្វើការដាក់ពង្រាយរថក្រោះ ឧទ្ធម្ភាគចក្រ និងកូនដ្រូន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការប្រយុទ្ធរបស់ប្រទេសទាំងពី។

ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ បាននិយាយប្រាប់យ៉ាងដូច្នេះថា “គោលបំណងដ៏ចម្បងនៃសហសមយុទ្ធនេះ គឺដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ នៅក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធ និងដើម្បីអភិវឌ្ឍជំនាញធ្វើការសម្រេចចិត្តយោធារបស់មេបញ្ជាកា និងសមត្ថភាពគ្រប់គ្រងអង្គភាពយោធា”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន India News Republic នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សហសមយុទ្ធយោធា ដែលមានឈ្មោះថា Mustafa Kemal Ataturk-2021 នេះ នឹងបន្តធ្វើរហូតដល់ថ្ងៃពុធ ហើយមានការចូលរួមដោយបុគ្គលិកយោធាចំនួន៦០០នាក់ រថក្រោះនិងរថពាសដែកប្រមាណ៤០គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៧គ្រឿង។
គួរបញ្ជាក់ថា វិមានក្រឹមឡាំងបាននិយាយនៅដើមខែនេះថា ខ្លួនកំពុងតែធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរវិវត្តន៍នានានៅជុំវិញមូលដ្ឋានយោធាតួកគីក្នុងប្រទេសអាហ្ស៊ែបៃហ្សង់ ហើយសហសមយុទ្ធនេះ អាចនឹងតម្រូវឲ្យរុស្ស៊ីចាត់វិធានការ ដើម្បីធានាដល់សន្តិសុខនិងផលប្រយោជន៍របស់ខ្លួនផ្ទាល់៕
ប្រែសម្រួល៖ប៉ាង កុង
