ព័ត៌មានអន្តរជាតិ

រដ្ឋមន្ដ្រីសាធារណការ ជំរុញអង្គភាពសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ត្រូវធ្វើបានល្អ កុំឲ្យបរទេសមើលងាយ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បានជំរុញអង្គភាពសាងសង់ផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវធ្វើឲ្យរឹងមាំ និងបានល្អ កុំឲ្យបរទេសមើលងាយ ជាសេសនោះ កុំចង់ចំណេញថវិកាបន្ដិចបន្ដួច ពីការធ្វើផ្លូវគ្មានគុណភាព។

ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានកោតសរសើរចំពោះ អង្គភាពស្ថាបនាទាំងអស់ ដែលខិតខំប្រឹងប្រែងស្ថាបនា ផ្លូវ៣៨ខ្សែនេះ តាមផែនការគ្រោងទុក ទោះបី ជួបប្រឈមដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

លោក ក៏បានណែនាំឲ្យអង្គភាពសាងសង់ និងក្រុមការងារត្រួតពិនិត្យបច្ចេកទេស ដូចជា ៖ កែសម្រួលចិញ្ចើមផ្លូវ បង្កើនសោភ័ណភាព ,កែសម្រួលការបង្ហាប់ដី និងពិនិត្យឡើងវិញច្រាំងស្ទឹងសៀមរាបប៉ែកខាងលិច។ លោកថា ត្រូវធ្វើផ្លូវឲ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានត្រឹមត្រូវ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍លើការដ្ឋាន ជាពិសេស ជួយស្រោចទឹកឲ្យទៀងទាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ។

លោករដ្ឋមន្ដ្រី បញ្ជាក់យ៉ាងដូច្នេះថា «ជំរុញឲ្យអង្គភាពសាងសង់ យកស្មារតីខ្ពស់ធ្វើការងារឲ្យមានគុណភាពល្អ មានសោភ័ណភាពល្អ មានឆន្ទៈម៉ឺងម៉ាត់ ធ្វើឲ្យបានល្អ ធ្វើកុំឲ្យបរទេសមើលងាយ ធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់នេះឲ្យក្លាយ ជាទីក្រុងទេសចរណ៍ទំនើប ដើម្បីមុខមាត់ប្រទេសជាតិយើង»។

លោក បន្ដថា «ទទួចសុំឲ្យអង្គភាពសាងសង់ធ្វើម្ដង ធ្វើឲ្យចប់ កុំបាច់ឲ្យគេត្រួតពិនិត្យ និងកែសម្រួលឡើងវិញ ដោយត្រូវចំណាយលុយអស់ច្រើន ជាងលើកទី១ កុំចង់ចំណេញបន្តិចបន្តួច ពីព្រោះនៅពេលគេធ្វើសវនកម្មរក ឃើញកំហុសបច្ចេកទេស តម្រូវឲ្យធ្វើឡើងវិញ ខាតទាំងចុងខាងទាំងដើម និងបានសំណូមពរ ឲ្យអង្គភាពសាងសង់ លើកឡើងនូវបញ្ហាដែលខ្លួន មានដើម្បីរួមគ្នាដោះស្រាយ»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឲ្យក្រុមការងារត្រួតពិនិត្យបច្ចេកទេស ត្រូវពង្រឹង ការអនុវត្តរបស់ខ្លួន ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តតាមស្តង់ដារបច្ចេកទេស ត្រួតពិនិត្យបច្ចេកទេស ឲ្យបានត្រឹមត្រូវ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ រួបរួមគ្នាខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ មានឆន្ទៈខ្មាស់ខ្លួនឯងនៅពេលធ្វើការមិនបាន ជោគជ័យ មិនចាំបាច់ឲ្យគេដាស់តឿនថា «យើងធ្វើមិនកើតនោះទេ»។

សូមរំលឹកថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ជាង១៤៩លានដុល្លារអាមេរិក ចំណាយពេលសាងសង់ ចំនួន១៣ខែ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ សាងសង់បាន៦៥ភាគរយ៕

To Top