បរទេស៖សហរដ្ឋអាមេរិក និងដៃគូពិភពលោករបស់ខ្លួននៅក្នុងកងកម្លាំងចម្រុះ ដែលគោលដៅធ្វើការផ្តួលរំលំមួយ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបំពេញតាមគោលដៅរបស់ពួកគេ ស្របពេលដែលអង្គការភេរវកម្ម បានពង្រីក ខ្លួននៅក្នុងតំបន់អាហ្វ្រិក។
កងកម្លាំងចម្រុះដើម្បីផ្តួលរំលំក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលមានសមាជិកចំនួន៨៣ប្រទេស បានជួបប្រជុំគ្នានៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាកិច្ចជួបប្រជុំគ្នាផ្ទាល់ដំបូងនៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
ក្នុងកិច្ចប្រជុំនោះ ពួកគេបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយធ្វើការអះអាងបញ្ជាក់ពីការប្តេជ្ញារបស់ពួកគេ ប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម និងប្តេជ្ញាបង្កើនការផ្តោតយកចិត្តទុកដាក់លើតំបន់អាហ្វ្រិក ជាទីដែលពួកគេនិយាយថា ការពង្រីកខ្លួនរបស់អង្គការភេរវកម្ម គម្រាមកំហែងដល់សន្តិសុខនិងស្ថិរភាព ជាពិសេសនៅក្នុងអនុតំបន់សាហារ៉ា។
រដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Luigi Di Maio បានដាក់ចេញនូវផែនការ នៅក្នុងអំឡុងកិច្ចប្រជុំដែលមានការគាំទ្រពីសហរដ្ឋអាមេរិក សម្រាប់កងកម្លាំងការងារនៅអាហ្វ្រិក ដើម្បីកំណត់អត្តសញ្ញាណ និងទប់ស្កាត់អំពើភេរវកម្មនៅលើទ្វីបនេះ និងដើម្បីកំណត់នូវវិធានការអ្វីដែលអាចដាក់ប្រើបាន៕ប្រែសម្រួល៖ប៉ាង កុង