បរទេស ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់ ដែលថា វិទ្យាស្ថានវិសាណូសាស្ត្រ Wuhan បង្កើតនិងចម្លងវីរុស កូវីដ -១៩ ដោយចៃដន្យចូលក្នុង ពិភពលោកក្នុងឆ្នាំ ២០១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន NBC News បានអះអាងនៅក្នុង របាយការណ៍មួយថា វេជ្ជបណ្ឌិត Shi Zhengli អ្នកជំនាញល្បីឈ្មោះ ខាងមេរោគ ដែលមានមូលដ្ឋាននៅទីក្រុង Wuhan បានជាប់ទាក់ទងនឹងអ្នកវិទ្យាសាស្ត្រ យោធាចិនយ៉ាងតិចពីរនាក់ ដែលបានសហការជាមួយនាង លើការស្រាវជ្រាវស្រាវ ជ្រាវវីរុសកូវីដ ១៩ កាលពីពេលកន្លងមក ។
លោកស្រីវេជ្ជបណ្ឌិត Shi Zhengli ត្រូវបានផ្សព្វផ្សាយ ដោយសារព័ត៌មានចិនថាជា « Bat Woman ឬស្រ្តីប្រចៀវ» សម្រាប់ការងារជាប់លាប់ របស់នាងជាមួយវីរុសកូរ៉ូណា ពីសត្វប្រចៀវ ហើយវាត្រូវបាន គេរាប់បញ្ចូលក្នុងមនុស្ស ១០០ នាក់ដែលមានឥទ្ធិពលបំផុតនៅឆ្នាំ ២០២០ របស់ទស្សនាវដ្តី Time ទៀតផង ។
កាលពីដើមឆ្នាំនេះ វេជ្ជបណ្ឌិត Shi Zhengli បានបដិសេធទាំងស្រុង នូវការចោទប្រកាន់ដែលថា វិទ្យាស្ថានវិសាណូសាស្ត្រ Wuhan (WIV) បានធ្វើការសិក្សាជាមួយយោធាចិន បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ ដោយសហរដ្ឋអាមេរិកថា បានធ្វើពិសោធន៍ប្រកបដោយគ្រោះថ្នាក់ជាមួយវីរុស SARS ដែលមានដើមកំណើតពីសត្វប្រចៀវ ។
សារព័ត៌មាន NBC News បានយោងទៅលើការសហការគ្នា ដែលត្រូវបានចោទប្រកាន់របស់វេជ្ជបណ្ឌិត Shi ក្នុងការស្រាវជ្រាវអំពីវីរុសកូរ៉ូណា ជាមួយអ្នកវិទ្យាសាស្ត្រយោធា ឈ្មោះ Ton Yigang ក្នុងឆ្នាំ ២០១៨ និងជាមួយលោក Zhou Yusen ដែលជាអ្នកវិទ្យាសាស្ត្រយោធាម្នាក់ផ្សេងទៀត ដែលឥឡូវនេះត្រូវបានចុះបញ្ជីថាបានទទួលមរណភាពនៅឆ្នាំ ២០១៩ ។
បណ្តាញព័ត៌មាននេះបានដកស្រង់ សម្តីរបស់លោក David Asher អតីតទីប្រឹក្សាក្រសួងការបរទេស អាមេរិក ដែលនិយាយថា លោកមានទំនុកចិត្តថា យោធាចិនបានផ្តល់មូលនិធិដល់ កម្មវិធីសម្ងាត់មួយដែលពាក់ព័ន្ធនឹងជំងឺឆ្លង ។ នៅខែមករាឆ្នាំ ២០២០ លោក លោក David Asher បានធ្វើជាសហអ្នកនិពន្ធនូវអង្គហេតុ ស្តីពីសកម្មភាពនៅខាងក្នុង វិទ្យាស្ថានវិសាណូសាស្ត្រ Wuhan ។
អតីតទីប្រឹក្សារូបនេះបានអះអាងថា គាត់បានទទួលព័ត៌មាន ពីអ្នកវិទ្យាសាស្ត្របរទេស នៅខាងក្នុងបន្ទប់ពិសោធន៍ ដែលបានឃើញអ្នកស្រាវជ្រាវខ្លះ នៅទីនោះក្នុងសម្លៀកបំពាក់យោធា។ មន្ត្រីរបស់វិទ្យាស្ថាន WIV បានទទូចម្តងហើយម្តងទៀតថា កន្លែងនេះត្រូវបានប្រើប្រាស់ សម្រាប់គោលបំណង ស៊ីវិលតែប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា