ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ស្វះស្វែងពង្រីកចំណងមិត្តភាព ថ្មីនៅតំបន់ ឈូងសមុទ្រទៅតំបន់ មជ្ឈិមបូព៌ា ទាំងអស់

" "

បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហភាពអារ៉ាប់រួម គឺគ្រាន់តែជាការចាប់ផ្តើមនៃផ្លូវឆ្ពោះទៅរក សន្តិភាព ជាមួយបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដែលនេះបង្ហាញពីការផ្តល់នូវភាព ជាមិត្តជាមួយប្រទេសអារ៉ាប់ ដែលមានការចាប់អារម្មណ៍ចង់បង្កើត ចំណងមិត្តភាពប្រក្រតី។

លោក Yair Lapid ដែលជារដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ ក្នុងការធ្វើទស្សនកិច្ចប្រទេសនៅតំបន់ឈូងសមុទ្រ ចាប់តាំងពីប្រទេសមួយចំនួនបានបង្កើតចំណងមិត្តភាព កាលពីឆ្នាំមិញនោះ ក៏បានលើកឡើងជាថ្មីពីក្តីព្រួយបារម្ភរបស់អ៊ីស្រាអែល ស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ដែលកំពុងតែចរចាគ្នា នៅក្នុងទីក្រុងវីយែន ផងដែរ។

" "

លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ដំណើរទស្សនកិច្ចនេះ មិនមែនទីបញ្ចប់នៃដំណើរផ្លូវឆ្ពោះទៅរកសន្តិភាពនោះទេ វាត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ គឺដៃរបស់យើងបានលាចេញ ហើយខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះ គឺជាជំហានដំបូងក្នុងចំណោមរឿងជាច្រើន និងរួមគ្នាជាមួយមិត្តថ្មីៗរបស់យើង ដោយយើងបន្តបង្កើតប្រវតិ្តសាស្ត្រនៅក្នុងតំបន់ទាំងមូល”។

" "

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលមានភាពមិនសុខស្រួលក្នុងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់ ស្តីពីកិច្ចប្រឹងប្រែងរបស់អាមេរិក ដើម្បីវិលចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញ កាលពីឆ្នាំ២០១៨៕ប្រែសម្រួល៖ប៉ាង កុង

To Top