ព័ត៌មានអន្តរជាតិ

យូអិនជំរុញអាមេរិក ឲ្យដកទណ្ឌកម្មពីអ៊ីរ៉ង់ តាមកិច្ចព្រមព្រៀងក្នុង ឆ្នាំ២០១៥

បរទេស៖អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres នាពេលថ្មីៗនេះ បានអំពាវនាវឲ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដកឬក៏លើកលែងទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ តាមការព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណងបញ្ឈប់ទីក្រុងតេអេរ៉ង់ មិនឲ្យអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ។

នៅក្នុងរបាយការណ៍មួយ ផ្តល់ឲ្យទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានជំរុញសហរដ្ឋអាមេរិក ឲ្យបន្តការលើកលែងចំពោះជំនួញប្រេងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងបន្តលើកលែងទាំងស្រុង សម្រាប់គម្រោងមិនសាយភាយ អាវុធនុយក្លេអ៊ែ។

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដែលមានសមាជិក ១៥ប្រទេស នឹងធ្វើការពិភាក្សាគ្នាស្តីពីរបាយការណ៍ប្រចាំពីរឆ្នាំរបស់លោកអគ្គលេខាធិការ ស្តីពីការអនុវត្តសេចក្តីសម្រេចឆ្នាំ២០១៥ ដែលចែងអំពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ីនិងចិន។

គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Antonio Guterres ចំពោះទីក្រុងវ៉ាស៊ីនតោននេះ គឺត្រូវបានធ្វើឡើង ស្របពេលមានកិច្ចពិភាក្សាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលក្នុងកិច្ចព្រមព្រៀងនោះ អ៊ីរ៉ង់បានទទួលបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាថ្នូរនៃការលើកលែងទណ្ឌកម្មបរទេសជាច្រើន៕ប្រែសម្រួល៖ប៉ាង កុង

To Top