ហុងកុង៖ ទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រារព្ធខួបលើកទី ២៤ នៃការប្រគល់របស់ខ្លួន ពីអង់គ្លេសទៅចិន ចំពេលមានវត្តមានរបស់ប៉ូលីសយ៉ាងខ្លាំងដើម្បីរារាំងក្រុមអ្នកតវ៉ា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ពីការប្រមូលផ្តុំទោះបីជា មានការហាមឃាត់លើសកម្មភាពបែបនេះក៏ដោយ។
ប៉ូលីសបានបិទផ្នែកខ្លះនៃឧទ្យាន Victoria នៅពេលថ្ងៃត្រង់ ដោយលើកឡើងពីពាក្យចចាមអារាម ស្តីពីការជួបជុំដែលគ្មានការអនុញ្ញាត ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មានមន្រ្តីចំនួន ១ ម៉ឺននាក់ត្រូវបានគេដាក់ពង្រាយពាសពេញទីក្រុង គឺច្រើនជាងចំនួនទ្វេដងនៃឆ្នាំមុន
ថ្ងៃព្រហស្បតិ៍នេះ ក៏ជាថ្ងៃប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ នៅក្នុងពិធីលើកទង់ជាតិមួយធ្វើឡើងនៅទីលាន Golden Bauhinia, លោក John Lee អគ្គលេខាធិការដ្ឋបាលថ្មី ដែលបានតែងតាំងថ្មីបានលើកឡើងថា ការអនុវត្តច្បាប់សន្តិសុខជាតិមួយឆ្នាំកន្លងមកបានជួយឲ្យហុងកុង ចេញផុតពីភាពវឹកវរ។
លោកបានថ្លែងសុន្ទរកថាជំនួសលោកស្រី Carrie Lam នាយកប្រតិបត្តិទីក្រុងហុងកុង ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបគម្រប់ខួប ១០០ឆ្នាំនៃការបង្កើតបកកសកុម្មុនិស្ដចិន នៅរដ្ឋធានីប៉េកាំង។
កាលពីដើមសប្តាហ៍នេះប៉ូលីសហុងកុង បានហាមឃាត់ការប្រមូលផ្តុំគ្នា ដើម្បីលទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី០១ ខែកក្កដា ដោយលើកឡើងពីកង្វល់សុខភាពសាធារណៈក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅឧទ្យាន Victoria នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលីសបានព្រមានថា អ្នកដែលចូលរួមក្នុងសន្និបាតនឹងរំលោភបទបញ្ជាសណ្តាប់ធ្នាប់សាធារណៈដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។
នេះជាឆ្នាំទី ២ ជាប់ៗគ្នា ដែលបាតុកម្មត្រូវបានហាមឃាត់ដោយអាជ្ញាធរ។ ទោះបីជាមានការហាមឃាត់ក៏ដោយ ក៏មានមនុស្សជាង ១ ម៉ឺននាក់បានចូលរួមកាលពីឆ្នាំមុន ដែលជាផ្នែកមួយ ដើម្បីសម្ដែងការប្រឆាំងទៅនឹងច្បាប់សន្តិសុខជាតិ ដែលទើបតែត្រូវបានអនុម័ត៕
ដោយ ឈូក បូរ៉ា