ព័ត៌មានអន្តរជាតិ

អាមេរិកនិងតៃវ៉ាន់ បន្តកិច្ចពិភាក្សាជំនួញជាថ្មី ក្រោយផ្អាករយៈពេល៥ឆ្នាំ

បរទេស៖សហរដ្ឋអាមេរិកនិងតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានបន្តជាថ្មីនូវកិច្ចពិភាក្សាជំនួញ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ ស្របពេលដែលភាគីទាំងពីរសហការគ្នាកាន់តែជិតស្និទ្ធ បើទោះជាមានការព្រមានថ្មីៗនេះ ពីប្រទេសចិន មិនឲ្យមានការជ្រៀតជ្រែក ក៏ដោយ។

ការិយាល័យតំណាង ជំនួញសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពី សិទ្ធិការងារនិងកម្មសិទ្ធិបញ្ញា និងបានព្រមព្រៀងគ្នា ប្រារព្ធធ្វើកិច្ចពិភាក្សា ជាប្រក្រតីថែមទៀត នៅក្នុងអំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាកិច្ចព្រមព្រៀង ទម្រង់ការងារជំនួញ និងវិនិយោគលើកទី១១។

ជំនួយការតំណាង ជំនួញសហរដ្ឋអាមេរិក លោក Terry McCartin និងលោក Jen-ni Yang តំណាងជំនួញរងមកពីការិយាល័យចរចាជំនួញរបស់តៃវ៉ាន់ បានដឹកនាំកិច្ចប្រជុំ និងបានបង្ហាញនូវការគាំទ្រ សម្រាប់ការងាររួមគ្នា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសន្តិសុខនិងភាពធន់ នៃសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់។

លោក John Feng ជាប្រធានមន្ត្រីចរចាជំនួញតៃវ៉ាន់ បានមានប្រសាសន៍ថា កិច្ចប្រជុំគឺជាការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការចុះហត្ថលេខាកិច្ចព្រមព្រៀងជំនួញទាំងស្រុង ជាមួយសហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍ ពីកាសែត Bloomberg នៅថ្ងៃពុធសប្ដាហ៍នេះ៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top