បរទេស៖ កងនាវាសមុទ្រខ្មៅ របស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងរុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រខ្មៅ ស្របពេលដែល ប្រទេសអ៊ុយក្រែន និងប្រទេសសមាជិក អង្គការណាតូ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅសមុទ្រខ្មៅ នោះដែរ។

សមយុទ្ធ Sea Breeze ដែលដឹកនាំដោយ អ៊ុយក្រែននិងសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយមានភាពតានតឹងកើនឡើង រវាងអង្គការណាតូនិងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ី បាននិយាយកាលពី សប្ដាហ៍មុនថា ខ្លួនបានបាញ់ព្រមាន និងទម្លាក់គ្រាប់បែក លើផ្លូវធ្វើដំណើរ របស់នាវាចម្បាំងអង់គ្លេសមួយគ្រឿង ដើម្បីបណ្ដេញវា ឲ្យចាកចេញពីដែនទឹក របស់ខ្លួននៅជិតតំបន់គ្រីមា។
ទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ ធ្លាប់បានអំពាវនាវឲ្យលុបចោល នូវសមយុទ្ធយោធា Sea Breeze នោះ នៅមុនពេលវាចាប់ផ្តើម ហើយក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួននឹងមានប្រតិកម្មតបវិញ ដើម្បីការពារ សន្តិសុខជាតិ ប្រសិនបើចាំបាច់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃព្រហស្បតិ៍នេះ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ថា នាវិកនៃនាវា សម្រាប់ចតដ៏ធំ ចំនួនពីរគ្រឿង បានធ្វើការសមបាញ់ ទៅលើគោលដៅនៅលើផ្ទៃសមុទ្រនិងអាកាស នៅសមុទ្រខ្មៅ៕
ប្រែសម្រួល៖ប៉ាង កុង
