ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងនៅក្នុងវេទិកាលើកទី ៨ ស្តីពីតំបន់រុស្ស៊ី និងបេឡារុស្សឲ្យដឹងថា ប្រទេសរុស្ស៊ី បន្ដជួយគាំទ្រប្រទេសបេឡារុស្ស ខណៈប្រទេសកំពុងរងសម្ពាធ ពីលោកខាងលិច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីបានលើកឡើងថា “ខ្ញុំសូមបញ្ជាក់ថា បេឡារុស្សមិនមែនគ្រាន់តែ ជាប្រទេសជិតខាងដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង។ ទំនាក់ទំនងរបស់យើង ផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក គាំទ្រ និងគិតពីផលប្រយោជន៍គ្នាទៅវិញទៅមក”។
លោកបានបន្ថែមថា“ យើងកំពុងគាំទ្រ ហើយនឹងបន្តគាំទ្រដល់មិត្តបេឡារុស្សរបស់យើង ក្នុងការប្រឈមមុខនឹងទណ្ឌកម្ម ដែលបានដាក់ដោយសហគមន៍អឺរ៉ុប” ។
លោកពូទីន បានលើកឡើងថា“ ការហាមឃាត់ការផ្គត់ផ្គង់ទំនិញមួយចំនួន ដល់បណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប ពីប្រទេសបេឡារុស្ស ធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍អាជីវកម្ម និងប្រជាជនសាមញ្ញ” ។
វិមានក្រឹមឡាំងបានឱ្យដឹងទៀតថា ប្រធានាធិបតីបេឡារុស្ស បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់លោកប្រធានាធិបតី ពូទីន ចំពោះការគាំទ្រ និងជំនួយសាធារណៈរបស់រុស្ស៊ី ក្នុងគ្រាដ៏លំបាកនេះ។
លោក Lukashenko បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព គឺមានសារៈសំខាន់ជាពិសេសនៅពេលដែលលោកខាងលិច ផ្តោតលើការទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេស និងរំខានដល់គម្រោងសមាហរណកម្ម ៕
ដោយ ឈូក បូរ៉ា