ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧ ៩៨៩ករណី ផ្សេងទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីចុងខែមករា។
ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសអង់គ្លេស មានចំនួន សរុបកើនឡើង ដល់ ៤,៨២៨,៤៦៣ករណី ។ ប្រទេសនេះ ក៏បានកត់ត្រាចំនួនអ្នកស្លាប់ ទាក់ទងនឹងជំងឺឆ្លងវីរុស ចំនួន ២២ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ទាក់ទង នឹងវីរុសនេះកើនឡើងដល់ចំនួន ១២៨,១៦២ នាក់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា តួលេខទាំងនេះរាប់បញ្ចូល តែការស្លាប់របស់មនុស្ស ដែលបានស្លាប់ ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានលើកដំបូង របស់ពួកគេប៉ុណ្ណោះ ។
រដ្ឋាភិបាលអង់គ្លេស គ្រោងនឹងបង្ហាញនៅប៉ុន្មានថ្ងៃខាងមុខ នូវព័ត៌មានលម្អិត នៃផែនការ សម្រាប់អ្នកដែលបានទទួល វ៉ាក់សាំងចំនួនពីរដូស ដើម្បីទៅលេងប្រទេសក្នុងបញ្ជី ដោយមិនចាំបាច់ធ្វើចត្ដាឡីស័ក និងការបន្ធូរបន្ថយនៅចុងខែនេះទេ ។
លោកនាយករដ្ឋមន្រ្តី Boris Johnson បានប្រាប់ទូរទស្សន៍ Sky News ថាការធ្វើដំណើរទៅកាន់ប្រទេសដទៃទៀតពីចក្រភពអង់គ្លេស នឹងមិនមានបញ្ហាអ្វីទាំងអស់ នៅរដូវក្តៅនេះ។
តួលេខចុងក្រោយបាន បង្ហាញថា មនុស្សជាង ៤៤,៨ លាននាក់នៅក្នុងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយមនុស្សជាង ៣៣ លាននាក់បានទទួល វ៉ាក់សាំងទាំងពីរដូស៕
ដោយ ឈូក បូរ៉ា