បរទេស៖ គណៈកម្មការរៀបចំ ការបោះឆ្នោត បាននិយាយនៅថ្ងៃសុក្រនេះថា តៃវ៉ាន់នឹងពន្យាពេលការធ្វើប្រជាមតិចំនួន៤ ដែលត្រូវធ្វើឲ្យចុងខែក្រោយ ដោយសារតែខ្លាចពីការរាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩ ស្របពេលដែលរដ្ឋាភិបាល ប្រឹងប្រែងធ្វើការទប់ស្កាត់ ការផ្ទុះឆ្លងថ្មី នៅក្នុងផ្សារបោះដុំ ស្បៀងអាហារមួយ ក្នុងទីក្រុងតៃប៉ិ។
កោះតៃវ៉ាន់ នាពេលបច្ចុប្បន្ន បាននិងកំពុងតែធ្វើការដោះស្រាយ ចំពោះការឆ្លងជាចង្កោម នៅក្នុងសហគមន៍ ចាប់តាំងពីខែពាក់កណ្ដាល ខែឧសភាមក ប៉ុន្តែចំនួនឆ្លងបានចាប់ផ្តើម មានសភាពថេរវិញ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបនឹងប្រទេសនានាក្នុងតំបន់។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោត បាននិយាយប្រាប់ថា ការធ្វើប្រជាមតិចំនួន៤ ដេលគ្រោងធ្វើនៅថ្ងៃទី២៨ ខែសីហា នឹងត្រូវបានពន្យាពេល រហូតដល់ថ្ងៃទី១៨ ខែធ្នូ ដោយសារតែស្ថានភាពជម្ងឺកូវីដ១៩។
ប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោត លោក Lee Chin-yung បានមានប្រសាសន៍ដូច្នេះថា “ដោយសារតែថ្ងៃធ្វើប្រជាមតិ នឹងជាពេលមានសកម្មភាព និងមនុស្សប្រមូលផ្តុំគ្នាដ៏ធំបំផុត នៅក្នុងប្រទេសនោះ នៅពេលនៃការរីករាលដាល នៃជម្ងឺឆ្លងនេះ វាគួរតែជៀសវាងមិនឲ្យមានផលវិបាក នៃការផ្ទុះឆ្លង ពីមនុស្សដែលនៅជុំគ្នា”៕
ប្រែសម្រួល៖ប៉ាង កុង