បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថានឹងបញ្ចូនវ៉ាក់សាំង Moderna បន្ទាន់ចំនួន៤លានដូស ទៅឲ្យប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេស។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក បានបញ្ជាក់ទៀតថា នៅក្នុងការអំពាវនាវមួយដោយភាគីឥណ្ឌូនេស៊ី អាមេរិក បានធ្វើការឆ្លើយតបភ្លាមៗថា នឹងបញ្ចូនវ៉ាក់សាំងទាំង៤លានដូស ដែលនឹងដាក់ស្ថិតនៅក្រោម កម្មវិធី COVAX ទៅឲ្យឥណ្ឌូនេស៊ីឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
គួរឲ្យដឹងដែរថាឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាពលរដ្ឋ រស់នៅច្រើនបំផុតលើលោកទី៤នោះ កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១ ដែលទទួលរងគ្រោះដោយសារ ការវាយប្រហារខ្លាំងបំផុត ពីសំណាក់កូវីដនៅក្នុងតំបន់អាស៊ី ធៀបទៅនឹងបណ្តាប្រទេសនានា ហើយរយៈពេល៨ថ្ងៃចុងក្រោយនេះករណីឆ្លងថ្មី មានរហូតទៅដល់២៥ ៨៣០នាក់គិតត្រឹមថ្ងៃសុក្រ និងមានចំនួនអ្នកស្លាប់បំបែកកំណត់ត្រា៥៣៩នាក់។
មកដល់ពេលនេះឥណ្ឌូនេស៊ី ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួននោះ គឺពឹងផ្អែកទាំងស្រុងតែទៅលើវ៉ាក់សាំងរបស់ប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែក៏ចាប់ផ្តើមស្វែងរកក្នុងការប្រើប្រាស់វ៉ាក់សាំង ផ្សេងៗបន្ថែមទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី