ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ ធ្លាក់យន្ដហោះយោធា នៅហ្វីលីពីន កើនឡើងដល់ ៤៥នាក់

ម៉ានីល ៖ ក្រសួងការពារជាតិហ្វីលីពីន បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងការធ្លាក់យន្តហោះយោធា ដែលបានកើតឡើង នៅភាគខាងត្បូងហ្វីលីពីន មុនពេលថ្ងៃត្រង់ថ្ងៃអាទិត្យម្សិលមិញ បានកើនឡើងដល់ ៤៥ នាក់ហើយ ។

គិតត្រឹមម៉ោង ៨ និង៤០ នាទីព្រឹកនេះក្រសួងការពារជាតិ ហ្វីលីពីន បានឲ្យដឹងថា ទាហាន ៤២ នាក់ និងជនស៊ីវិល ៣ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធា ដឹកបុគ្គលិកកងទ័ព បានធ្លាក់ និងផ្ទុះឡើង នៅលើកោះជូឡូ ក្នុងខេត្តស៊ូលូ ប្រទេសហ្វីលីពីន។

ក្រសួងបានឲ្យដឹងទៀតថា មនុស្ស ៥៣ នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ នៅក្នុងគ្រោះថ្នាក់នោះរួមមានទាហាន ៤៩ នាក់ និងជនស៊ីវិល ៤ នាក់។ ទាហាន ៥នាក់នៅមិនទាន់រកឃើញ នៅឡើយ ខណៈប្រតិបត្ដិការស្វែងរកកំពុងបន្ត ។

ប៉ុន្មាននាទីបន្ទាប់ពីការធ្លាក់យន្តហោះ កងទ័ព និងអ្នកស្ម័គ្រចិត្តស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះ ដើម្បីស្វែងរក និងជួយសង្គ្រោះ។ យោធាបានឲ្យដឹងថា “ចំពោះសាក្សីដែលបាន ឃើញផ្ទាល់ភ្នែក ទាហានជាច្រើន ត្រូវបានគេឃើញ លោតចេញ ពីយន្តហោះមុនពេល ដែលវាបុកដី ដោយមិនឲ្យពួកគេស្លាប់ពីការផ្ទុះ ដែលបណ្តាលមកពីការធ្លាក់នោះទេ” ៕
ដោយ ឈូក បូរ៉ា

To Top