ហាណូយ ៖ ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៩០ ករណីកាលពីថ្ងៃអាទិត្យក្នុងនោះមាន ៨៧៦ ករណីជាករណីឆ្លង ក្នុងស្រុក និង ១៤ករណីទៀត ជាករណីនាំចូល ហើយចំនួនអ្នកឆ្លង សរុបកើនឡើង ១៩,៩៣៣ករណី ។
ក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ក្នុងចំណោមករណីសហគមន៍ ៥៩៩ ត្រូវបានរាយការណ៍នៅភាគ ខាងត្បូងទីក្រុងហូជីមិញ, ៨៧ករណី នៅខេត្តប៊ិញដុង ដែលនៅក្បែរនោះនិង ៧២ករណីស្ថិត នៅក្នុងខេត្តឡុងអាន ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ភាគច្រើននៃពួកគេ គឺជាទំនាក់ទំនងនៃករណី ដែលបានបញ្ជាក់ពីមុន ឬភ្ជាប់ទៅនឹងចង្កោម នៃការបង្ករោគនៅតាមមូលដ្ឋាន ។
ក្រសួងបានឲ្យដឹងទៀតថា នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺ ៧,៨១៩ នាក់ត្រូវបានគេកត់ត្រាថា បានជាសះស្បើយពីជំងឺរាតត្បាត ដែលកើនឡើងចំនួន ១៧៦ នាក់ពីថ្ងៃសៅរ៍។
ក្រសួងក៏បានឲ្យដឹងផងដែរ កាលពីថ្ងៃអាទិត្យថា អ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ទៀត ដែលមានជម្ងឺធ្ងន់ធ្ងរ បានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ទាក់ទង នឹងវីរុសនេះកើនឡើងដល់ ៨៦ នាក់ ។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ១៨,០៧៥ ករណីក្នុងនោះមាន ១៦,៥០៥ ករណីត្រូវបានរកឃើញចាប់ តាំងពីមានការផ្ទុះឡើង ចុងក្រោយនៅចុងខែមេសានេះ ៕
ដោយ ឈូក បូរ៉ា