ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មិនសហការ ជាមួយកម្មវិធី ចែកចាយ វ៉ាក់សាំង សកលលោក ដឹកនាំដោយអង្គការ សហប្រជាជាតិ

ព្យុងយ៉ាង ៖ របាយការណ៍មួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនបានសហការ ជាមួយកម្មវិធីចែកចាយ វ៉ាក់សាំង ទូទាំងពិភពលោក ដែលដឹកនាំដោយអង្គការ សហប្រជាជាតិ ដោយមិនបានបំពេញឯកសារ ចាំបាច់ ដើម្បីទទួលជំនួយក្នុងការប្រឆាំង នឹងការឆ្លងរាតត្បាត កូវីដ-១៩ នេះឡើយ ។

ដោយដកស្រង់ប្រភពអនាមិក សំឡេងសហរដ្ឋអាមេរិក (VOA) បានរាយការណ៍អំពីកិច្ចពិភាក្សារវាងប្រទេសកូរ៉េខាងជើង និងកម្មវិធី Gavi ដែលជាសម្ព័ន្ធមិត្តវ៉ាក់សាំង ដែលជួយដំណើរ ការកម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើម អន្តរជាតិមួយ ដែលមានគោលបំណង ចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ – ១៩ នៅទូទាំងពិភពលោក។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបំពេញជំហានរដ្ឋបាលតែ ២ ប៉ុណ្ណោះក្នុងចំណោម ៧ ជំហាន ដែលត្រូវការ។ ប្រភពបានប្រាប់ VOA ថា ប្រទេសកូរ៉េខាងជើងបានបដិសេធ ការចូលទៅរកបុគ្គលិកជំនួយ អន្តរជាតិ ដែលអាចជួយសម្រួលការ ដឹកជញ្ជូនវ៉ាក់សាំង ដោយលើកឡើងពីកង្វល់ នៃការឆ្លងមេរោគ ។

របាយការណ៍របស់ VOA បានបន្ថែមថា ប្រទេសកូរ៉េខាងជើង ក៏បានបង្ហាញពីការការពារ សុវត្ថិភាពវ៉ាក់សាំង AstraZeneca និងបានស្ទាក់ស្ទើរ ក្នុងការចុះហត្ថលេខាលើការលះបង់ ការទទួលខុសត្រូវក្នុងករណីមានផលប៉ះពាល់ ដែលអាចកើតមាន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា កាលពីខែមីនា Gavi បានប្រកាសផែនការបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ១,៧ លានដូសទៅកូរ៉េខាងជើង នៅខែឧសភា ។

ក្នុងអំឡុងពេលប្រជុំគណបក្ស កាន់អំណាច កាលពីថ្ងៃអង្គារសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា“ ឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរ” បានកើតឡើង ដែលអាចគំរាមកំហែង ដល់សុវត្ថិភាព ប្រជាជន និងប្រទេសរបស់លោក ក្នុងពេលមាន ជំងឺរាតត្បាត ប៉ុន្ដែវាមិនច្បាស់ភ្លាមៗថា តើឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះ បានកើតឡើង ដោយរបៀបណានោះ៕ដោយ ឈូក បូរ៉ា

To Top