បរទេស៖ នៅថ្ងៃទី ១ ខែកក្កដា របបយោធារបស់មីយ៉ាន់ម៉ា បានបញ្ចប់រយៈពេល ៥ ខែក្នុងឋានៈជាអ្នកគ្រប់គ្រងប្រទេសបន្ទាប់ពី ការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសានស៊ូជី ដែលបានជាប់ឆ្នោតតាមបែប ប្រជាធិបតេយ្យនៅថ្ងៃទី១ ខែកុម្ភៈ។
យោងតាមវែបសាយ THE CITIZEN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់ និង មនុស្ស ៦ ០០០នាក់ត្រូវបានឃុំខ្លួន ក្នុងការបង្ក្រាបដែលផ្តោតលើ ក្រុមអ្នកប្រឆាំងលទ្ធិប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី ៣០ ខែមិថុនា។
សកម្មភាពយោធាកំពុងបន្តប្រឆាំងនឹង សហគមន៍មិនមែនជនជាតិភាគតិច និងសហគមន៍ជនជាតិភាគតិច ដែលមិនមែនជាសាសនាព្រះពុទ្ធ នៅភាគពាយព្យ និងខាងជើងនៃប្រទេស មីយ៉ាន់ម៉ា។
អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បន្តថ្កោលទោសចំពោះការកាន់កាប់ដោយបង្ខំ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងរបបនេះរួមទាំងបង្កកប្រាក់បម្រុងទុកចំនួន ១ពាន់លានដុល្លារអាមេរិក ដែលធនាគារកណ្តាលមីយ៉ាន់ម៉ា បានកាន់កាប់នៅឯធនាគារញូវយ៉ក។
វិធានការនិងឥរិយាបថបែបនេះ បានជះឥទ្ធិពលតិចតួចដល់របបយោធា ដែលដឹកនាំដោយឧត្តមសេនីយ Min Aung Hlaing។ យ៉ាងណាក៏ដោយ របបយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកទោស ២ ២០០នាក់ ក្នុងចំណោមអ្នកទោសនយោបាយចំនួន ៦ ៤២១ នាក់។ ប៉ុន្តែមិនមានសញ្ញានៃវិប្បដិសារីអំពី ការដណ្តើមអំណាចដោយខុសច្បាប់ និងអំពើហឹង្សាទៅលើក្រុមអ្នកតវ៉ានោះទេ៕
ប្រែសម្រួលៈ ណៃ តុលា