ព័ត៌មានអន្តរជាតិ

តាហ្ស៊ីហ្គីស្ថាន​ ឲ្យបង្កើតកងកម្លាំង ពង្រឹងកិច្ចការពារព្រំដែន ស្របពេលដែលទ័ពអាហ្វហ្គានីស្ថាន រត់គេចពីពួកតាលីបង់

បរទេស ៖ ប្រធានាធិបតីនៃប្រទេស តាហ្ស៊ីហ្គីស្ថាន នៅថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាឲ្យចល័តកងកម្លាំង ការពារយោធាចំនួន២០.០០០នាក់ ទៅការពារព្រំដែន ជាប់នឹងប្រទេស អាហ្វហ្គានីស្ថាន ក្រោយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ជាង១.០០០នាក់ បានរត់ភៀសខ្លួនឆ្លងព្រំដែន ដើម្បីគេចពីការវាយលុក របស់ពួកតាលីបង់ ។

ការឆ្លងព្រំដែនកាលពីថ្ងៃអាទិត្យនោះ បានបង្ហាញឲ្យឃើញនូវស្ថានភាព កំពុងតែដុនដាបយ៉ាងលឿន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាទីដែលកងកម្លាំង បរទេសជិតដកចេញអស់ទាំងស្រុង ក្រោយសង្គ្រាមរយៈពេល២០ឆ្នាំ និងដោយកិច្ចពិភាក្សាសន្តិភាពបានជាប់គាំង ។

ប្រធានាធិបតី តាហ្ស៊ីហ្គីស្ថាន លោក Emomali Rakhmon បានធ្វើការអំពាវនាវជាអន្តរជាតិ ឲ្យធ្វើការពិភាក្សាពីស្ថានភាពជា មួយសម្ពន្ធមិត្តក្នុងតំបន់ រួមមានទាំង លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែលប្រទេសរបស់លោក មានវត្តមានយោធាសដ៏ធំ នៅលើទឹកដីតាហ្ស៊ីហ្គីស្ថានផង ។

គួរបញ្ជាក់ថា លោក ពូទីន ធ្លាប់បាននិយាយប្រាប់លោកប្រធានាធិបតី តាហ្ស៊ីហ្គីស្ថានថា ទីក្រុងមូស្គូនឹងគាំទ្រ ដល់អតីតសាធារណរដ្ឋសូវៀតនេះ ដើម្បីរក្សាស្ថិរភាពព្រំដែន ជាប់អាហ្វហ្គានីស្ថាន ប្រសិនបើចាំបាច់ ទាំងដោយផ្ទាល់និងតាមរយៈកងកម្លាំង សន្តិសុខក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×