ព័ត៌មានអន្តរជាតិ

វិភាគ: កងទ័ពមីយ៉ានម៉ា បាញ់សម្លាប់ពលរដ្ឋឥតប្រណី ក្នុងយុទ្ធនាការបង្ក្រាបទូទាំងប្រទេស(Video)

បច្ចុប្បន្នភាព

​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហភាពមីយ៉ានម៉ា Than Lwin Khet News បានចុះផ្សាយថា កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធា បានបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់ប្រទេសនេះឥតត្រាប្រណី ក្នុងយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេសទៅលើក្រុមបាតុករដែលគាំទ្ររដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលរួបរួមជាតិ ។

 ​ Than Lwin Khet News បានអោយដឹងថា នៅថ្ងៃអង្គារ ទី៦ ខែកក្កដានេះ កងកម្លាំងយោធារបស់របបសឹក បានបាញ់សម្លាប់ជនស៊ីវិល៦នាក់ និងកាលពីថ្ងៃអាទិត្យ ទី៤ ខែកក្កដាដដែលនេះកងទ័ពរបស់របបសឹក បានបាញ់សម្លាប់អ្នកភូមិចំនួន២៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបលើភូមិ Depayin ដោយកងកម្លាំងសន្តិសុខបានសម្រុកចូលទៅក្នុងភូមិនេះ និងស្វែងរកចាប់ខ្លួន ឬបាញ់សម្លាប់ចោលនូវជនសង្ស័យជាមេខ្លោងញុះញង់អោយមានអំពើបះបោរ ។

គោលដៅរបស់កងកម្លាំងសន្តិសុខ គឺតាមចាប់ខ្លួន ឬកម្ទេចចោលនូវជនសង្ស័យទាំង ឡាយណាដែលជាប់ពាក់ព័ន្ធនឹងក្បូនបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា ឬជាប់ពាក់ព័ន្ធនឹងក្រុមគាំទ្ររដ្ឋាភិបាលស៊ីវិល ដែលត្រូវបានធ្វើរដ្ឋប្រហារផ្តួលរំលំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលជាប្រតិបត្តិការបោសសំអាតនៅទូទាំងប្រទេស ។

ក្រុមអ្នកភូមិ Depayin ដែលមើលឃើញពីសកម្មភាពបង្ក្រាបដោយផ្ទាល់ពីកងកម្លាំងសន្តិសុខបាននិយាយថា កងកម្លាំងយោធារបស់របបសឹក មិនត្រឹមតែបើកប្រតិបត្តិការនៅពេលថ្ងៃក្នុងការបង្ក្រាបដោយតាមចាប់ខ្លួន ឬបាញ់សម្លាប់ជនសង្ស័យនោះទេ សូម្បីតែនៅពេលយប់ ក៏កងទ័ពបានសម្រុកចូលទៅក្នុងលំនៅឋានអ្នកស្រុកក្នុងប្រតិបត្តិការបែបនេះដែរ ។

សមាគមជំនួយអ្នកទោសនយោបាយសហភាពមីយ៉ានម៉ា (Assistance Association for Political Prisoners) ដែលហៅកាត់ថា AAPP បានអោយដឹងថា គិតត្រឹមថ្ងៃអង្គារ ទី៦ ខែកក្កដានេះ ចំនួនមនុស្សស្លាប់ក្នុងអំពើហិង្សានៅប្រទេសនេះបានកើនឡើងដល់ជាង ៨៩៦នាក់ហើយ ក្នុងវិបត្តិនយោបាយរយៈពេលជាង៥ខែ ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ  ឆ្នាំ២០២១នេះ ក្រោយពីរដ្ឋប្រហារដោយកងកម្លាំងយោធា ។

AAPP បានបន្ថែមថា វិបត្តិនយោបាយនៅមីយ៉ានម៉ា ដែលបានអូសបន្លាយអស់រយៈពេលជាង៥ខែកន្លងមកនេះ ក៏បានបង្ខំប្រជាពលរដ្ឋប្រមាណជាង ២៣០.០០០នាក់ អោយចាកចេញពីលំនៅឋាន ដោយរត់ភៀសខ្លួននៅលើទឹកដីកំណើតរបស់ខ្លួនផងដែរ និងជនភៀសខ្លួនបានកើនឡើងជាលំដាប់មិនទាន់ថយចុះនៅឡើយទេ ។

ចំណែកក្រុមបាតុករ ដែលត្រូវបានបំពាក់ដោយកាំភ្លើងច្នៃ ដំថ្ម កាំបិត ដំបង ដែកទីប ចំពានកៅស៊ូ និងគ្រាប់បែកសាំងជាដើម បានបំបែកគ្នាជាក្រុមតូចៗនៅស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស និងបានលបឆ្មក់វាយប្រហារលើកងកម្លាំងយោធា ។

ចលនាប្រដាប់អាវុធរបស់ក្រុមបាតុករ និងការបង្កចលាចល បានរុញច្រានប្រទេសនេះអោយធ្លាក់ចូលទៅក្នុងវិបត្តិអសន្តិសុខ ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃ និងភាពសុខសានរបស់ប្រជាពលរដ្ឋ ។

សម្រាប់ក្រុមជនជាតិភាគតិច មានជនជាតិភាគតិច ការ៉ែន និងកាជីន ជាដើម ក៏បានប៉ះទង្គិចគ្នាដោយអាវុធជាញឹកញាប់ជាមួយកងកម្លាំងយោធារបស់របបសឹកផងដែរ ដែលបណ្តាលអោយមានការបាត់បង់ជីវិតកងកម្លាំងយោធាទាំងសងខាង ។

សូមរំលឹកជូនថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាស៊ាន និងមីយ៉ានម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរួមមាន ទី១ អាស៊ាននឹងបង្កើតអោយមានប្រេសិតពិសេសទទួលបន្ទុកកិច្ចការនៅសហភាពយ៉ានម៉ា ទី២ ប្រេសិតពិសេសអាស៊ាន នឹងជួបសន្ទនាជាមួយភាគីជម្លោះនៅមីយ៉ាន ក្នុងការស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅនៅក្នុងប្រទេសនេះ ។

ទី៣ ភាគីជម្លោះនៅមីយ៉ានម៉ា ជាពិសេសភាគីខាងរបបសឹក ត្រូវបញ្ចប់អំពើហិង្សាទាំង ស្រុង ដែលជាឱកាសល្អក្នុងការបើកផ្លូវអោយក្រុមប្រេសិតអាស៊ានចូលទៅកាន់ប្រទេសនេះ ក្នុងគោលដៅសម្របសម្រួលអោយមានកិច្ចសន្ទនារវាងភាគីជម្លោះ ដែលជាមធ្យោបាយតែមួយគត់ក្នុងការបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ ។

ទី៤ ប្រមុខដឹកនាំរបស់របបសឹក ត្រូវបើកផ្លូវអោយជំនួយអន្តរជាតិ ចូលទៅជួយប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ខណៈដែលប្រជាពលរដ្ឋប្រមាណជាង៣លាន ៤សែននាក់ កំពុងជួបប្រទះគ្រោះអត់ឃ្លាន និងមិនមានអាហារទទួលទានគ្រប់គ្រាន់ប្រចាំថ្ងៃ ដោយប្រជាពលរដ្ឋខ្លះ បានទទួលទានអាហារតែមួយពេល ក្នុងមួយថ្ងៃ ។

ទី៥ មេដឹកនាំរបស់របបសឹក និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានធ្វើរដ្ឋប្រហារផ្តួលរំលំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នឹងជួបចរចាគ្នាដោយផ្ទាល់តាមរយៈការសម្របសម្រួលពីប្រេសិតពិសេសអាស៊ាន ឬប្រមុខដឹកនាំភាគីទាំងពីរ អាចជួបសន្ទនាដោយផ្ទាល់ដើម្បីទម្លុះទម្លាយភាពទ័លច្រកខាងនយោបាយ ។ 

ដើមចមនាំអោយកើតរឿង

អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ បាននិយាយថា ដើមចមដែលនាំអោយសហភាពមីយ៉ានម៉ាធ្លាក់ក្នុងវិបត្តិនយោបាយមិនអាចដោះស្រាយបាន គឺដោយសារកត្តា២សំខាន់ ដែលជាកត្តាក្នុងស្រុកសុទ្ធសាធ ដោយមិនមានការលូកដៃចូលពីខាងក្រៅនោះទេ ។

កត្តាទី១ គឺអំណាច ! ឧត្តមសេនីយ៍ មីន អ៊ុងលាំង ដែលជាមេដឹកនាំកំពូលរបស់របបសឹកមីយ៉ានម៉ា ព្រួយបារម្ភពីការបាត់បង់អំណាចទើបធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងយកអំណាចមកគ្រប់គ្រងដោយខ្លួនឯង មុនពេលដែលខ្លួនត្រូវអស់អំណាច ។

ច្បាប់យោធារបស់សហភាពមីយ៉ានម៉ា បានចែងថា អគ្គមេបញ្ជាការកងទ័ព ត្រូវចូលនិវត្តន៍នៅអាយុ ៦៥ឆ្នាំ ដោយផ្ទេរតំណែងរបស់ខ្លួនអោយទៅអ្នកទទួលបន្ទុកបន្ទាប់ ហើយលោក មីន អ៊ុងលាំង មានអាយុ ៦៥ឆ្នាំ នៅខែកក្កដានេះហើយ ។

ដូច្នេះហើយទើបឧត្តមសេនីយ៍រូបនេះ បានធ្វើរដ្ឋប្រហារ និងយកអំណាចមកក្តោបក្តាប់ដោយខ្លួនឯង ដោយសារតែលោកត្រូវចេញពីតំណែង ពីព្រោះដល់អាយុត្រូវចូលនិវត្តន៍ហើយ ប៉ុន្តែបើធ្វើរដ្ឋប្រហារបែបនេះ គឺលោក មីន អ៊ុងលាំង អាចបន្តកាន់តំណែងបន្តទៀត ដោយរង់ចាំជ្រើសរើសមនុស្សដែលលោកទុកចិត្តបំផុតមកកាន់តំណែងនេះ ។

កត្តាទី២ គឺបទពិសោធន៍រដ្ឋប្រហារក្រោយបោះឆ្នោត ! កាលពីឆ្នាំ១៩៦០ ប្រជាពលរដ្ឋមីយ៉ានម៉ា បានទៅបោះឆ្នោត និងគណបក្សប្រឆាំងបានឈ្នះឆ្នោត តែដល់ឆ្នាំ១៩៦២ ឧត្តមសេនីយ៍ខាងយោធា លោក ណេវីន បានធ្វើរដ្ឋប្រហារ និងកាន់តំណែង២៦ឆ្នាំ ។

នៅឆ្នាំ១៩៩០ មានការបោះឆ្នោតម្តងទៀត ហើយគណបក្សប្រឆាំងឈ្នះទៀត តែលោកឧត្តមសេនីយ៍ ថាន់ ស្វេ មិនប្រគល់អំណាចអោយទៅលោកស្រី អ៊ុងសាន ស៊ូជី ដែលជាអ្នកឈ្នះឆ្នោតនោះទេ ថែមទាំងបានឃុំខ្លួនលោកស្រីរយៈពេល២២ឆ្នាំនៅក្នុងផ្ទះ ។

រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឹជារដ្ឋប្រហារលើកទី៣ ដែលមានលំអានប្រហាក់ប្រហែលនឹងកាលពី២លើកមុនដែរ ដែលនាំអោយប្រទេសសមាជិកអាស៊ានមួយនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាស្ទើរគ្រប់ជំនាន់ ៕​   

ដោយ៖ អ៊ី ជិន

To Top