ព័ត៌មានអន្តរជាតិ

ក្រុមសង្គ្រោះ រកឃើញសាកសព ៤នាក់ទៀត ពីក្រោមគំនរថ្ម នៃអគារ ដែលបាក់នៅរដ្ឋ ផ្លរីដា អាមេរិក

បរទេស៖ លោកស្រី Daniella Levine Cava អភិបាលក្រុង Miami-Dade បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនជនរងគ្រោះ នៅក្នុងអគារលំនៅស្ថាន ដែលបានបាក់រលំនៅ រដ្ឋផ្លរីដា បានកើនឡើងដល់ ៣២ នាក់ហើយ ក្រោយពេលដែល ក្រុមសង្គ្រោះរកឃើញសាកសព ៤ នាក់ទៀត នៅពេលយប់ ចំណែកមនុស្សចំនួន ១១៣ នាក់នៅមិនទាន់រកឃើញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី Cava នៅក្នុងសន្និសីទកាសែតខ្លីមួយថា «យើងបានរកឃើញជនរងគ្រោះបន្ថែមចំនួន ៤ នាក់។ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ ឥឡូវមាន ៣២ នាក់ ក្នុងនោះ ២៦ នាក់ត្រូវបានកំណត់អត្តសញ្ញាណ។ ប្រជាជនចំនួន ១៩១ នាក់ត្រូវបានរាប់បញ្ចូល ហើយយើងមានរបាយការណ៍ ចំនួន ១១៣ នៃមនុស្សដែលមិនរាប់បញ្ចូល»។

សោកនាដកម្មនៅទីប្រជុំជន Surfside បានកើតឡើងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅពេលអគារអគារកម្ពស់ ១២ ជាន់ Champlain Towers ខាងត្បូងបានដួលរលំផ្នែកខ្លះ។

Tina Paul អភិបាលរងក្រុង Surfside បានប្រាប់ Sputnik កាលពីចុងសប្តាហ៍មុនថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅទីតាំង នៃការបាក់អាចនឹងអូសបន្លាយ ពេលរាប់សប្តាហ៍ បើឆាប់៕ ប្រែសម្រួលៈ ណៃ តុលា

To Top