តូក្យូ ៖ ប្រទេសចិន បានស្តីបន្ទោស ការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តីជប៉ុន លោក Taro Aso ស្តីពីការការពារ កោះតៃវ៉ាន់ រួមគ្នាជាមួយសហរដ្ឋអាមេរិក ប្រសិនបើកោះនេះត្រូវបាន“ ឈ្លានពាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ខ្លីមួយអ្នកនាំពាក្យក្រសួង ការបរទេសចិន លោក ចាវ លីជៀន បានលើកឡើងថា “ ការកត់សម្គាល់ទាំងនោះពិតជាខុស និងគ្រោះថ្នាក់បំផុត ព្រោះពួកគេរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ ដែលមានចែងនៅក្នុងឯកសារ នយោបាយចំនួន ៤ រវាងចិន និងជប៉ុន និងធ្វើឱ្យខូចដល់គ្រឹះនយោបាយចិន – ជប៉ុន។ ចិនស្អប់ខ្ពើម និងបដិសេធរឿងនេះ ហើយបានធ្វើជាតំណាងដ៏ ឧឡារិកជាមួយជប៉ុន”។
អ្នកនាំពាក្យរូបនេះបានបន្ដថា “យោធា និយមជប៉ុន ធ្លាប់បានប្រព្រឹត្តិបទឧក្រិដ្ឋជាច្រើន នៅក្នុងការឈ្លានពាន ប្រឆាំងនឹងចិន។ យ៉ាងណាក៏ដោយអ្នកនយោបាយខ្លះ នៅតែចង់បានកោះតៃវ៉ាន់ រហូតមកដល់សព្វថ្ងៃ។ នេះបង្ហាញយ៉ាងពេញលេញថា ពួកគេមិនបានរៀនមេរៀន ពីប្រវត្តិសាស្ត្រនោះទេ” ។
លោកចាវ បានបន្ថែមថា ប្រទេសចិន នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកសំណួរតៃវ៉ាន់ តាមរបៀបណាមួយឡើយ ដោយសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់ ត្រូវមើលស្រាលការដោះស្រាយឆន្ទៈ និងសមត្ថភាព របស់ប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់ពួកគេឡើយ៕

