ព័ត៌មានអន្តរជាតិ

ចិននៅតែប្រកាន់ខ្ជាប់ សន្ធិសញ្ញាការពារគ្នា ជាមួយកូរ៉េខាងជើង ក្រោយរយៈពេល៦០ឆ្នាំ(Video)

បរទេស ៖ នៅមុនពេលការបង្កើតជាថ្មី ដែលទំនងជានឹងធ្វើឡើង នៅថ្ងៃអាទិត្យ ជាគម្រប់៦០ឆ្នាំ នៃការចុះហត្ថលេខា សន្ធិសញ្ញាលើចំណង មិត្តភាព សហប្រតិបត្តិការ និងការជួយគ្នាទៅវិញ ទៅមកនោះ ទីក្រុងប៉េកាំងបាននិយាយប្រាប់ថា សន្ធិសញ្ញាការពារទ្វេភាគី រវាងប្រទេសចិន និងកូរ៉េខាងជើង នៅតែមានប្រសិទ្ធភាព ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការបញ្ជាក់ពីចំណង មិត្តភាព ដ៏រឹងមាំជាមួយទីក្រុងព្យុងយ៉ាងនេះ គឺត្រូវបានធ្វើឡើង ក្រោយមន្ត្រីការទូតអាមេរិក និងចិន បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីកូរ៉េខាងជើង ។

មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃពុធថា សន្ធិសញ្ញាឆ្នាំ១៩៦១ គឺជាការសម្រេច ចិត្តយុទ្ធសាស្ត្រ ដែលធ្វើឡើងជាមួយការមើលឃើញ ហេតុការណ៍ជាមុនដោយថ្នាក់ដឹកនាំ ជំនាន់ចាស់ របស់ប្រទេសទាំងពីរ ហើយវាជាព្រឹត្តិការណ៍ ដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រ នៃចំណងមិត្តភាពទ្វេភាគី ។

គួរបញ្ជាក់ថា ដោយត្រូវបានចុះហត្ថលេខា ដោយអតីតនាយករដ្ឋមន្ត្រីចិន លោក ជូ អេងឡាយ និងអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុងនោះ សន្ធិសញ្ញានេះ មានការតម្រូវ ឲ្យប្រទេសទាំងពីរ ធ្វើការឆ្លើយតបរួម ចំពោះការវាយប្រហារណាមួយ ទៅលើប្រទេស ជាដៃគូម្ខាងទៀត ហើយកិច្ចព្រមព្រៀង នោះ ត្រូវបានបន្តបន្ថែមទៀត ជាថ្មីនៅក្នុងឆ្នាំ២០០១ ៕ប្រែសម្រួល៖ប៉ាង កុង

To Top