ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីជប៉ុន​ ៖ អាមេរិក និងជប៉ុន ត្រូវតែការពារ តៃវ៉ាន់ រួមគ្នា

បរទេស ៖ ឧបនាយករដ្ឋមន្ត្រីជប៉ុន លោក តារ៉ូ អាសូ តាមសេចក្តី រាយការណ៍ បានមានប្រសាសន៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវតែរួមគ្នាការពារតៃវ៉ាន់ ក្នុងករណីមានបញ្ហាធំណាមួយ ហើយនេះ គឺជាការបង្ហាញកម្រតិខ្ពស់មួយ ពីទីក្រុងតូក្យូ លើប្រធានបទដ៏រសើប ។

ទីភ្នាក់ងារ សារព័ត៌មានជប៉ុន ក្យូដូ បានរាយការណ៍ថា ក្នុងការថ្លែងនៅក្នុងពិធីរៃអង្គាសប្រាក់ នយោបាយនៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទ លោក ឧបនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានថ្លែងថា ការឈ្លានពានលើតៃវ៉ាន់ ធ្វើឡើងដោយប្រទេសចិន អាចត្រូវបានឃើញថា ជាការគម្រាមកំហែងជាក់ស្តែង អនុញ្ញាតឲ្យជប៉ុនអនុវត្ត សិទ្ធិស្វយការពារសមូហភាព ។

ប្រទេសជប៉ុន បានប្រឹងប្រែងបញ្ចៀសការ ធ្វើឲ្យចិនដែលជាដៃគូជំនួញ ដ៏ធំបំផុតរបស់ខ្លួនមានអារម្មណ៍ ឯកោ ទន្ទឹងនឹងការរក្សាសម្ពន្ធភាព របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹង រវាងមហាអំណាចសេដ្ឋកិច្ច ពិភពលោកទាំងពីរ ជុំវិញប្រធានបទ មានចាប់តាំង ពីរឿងប្រភពជម្ងឺកូវីដ១៩ រហូតដល់បញ្ហាសិទ្ធិមនុស្ស ។

ចំណែកមន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍នៅក្នុងសន្និសីទ កាសែតក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះថា ប្រទេសចិនមើលឃើញការ ថ្លែងបែបនេះរបស់ជប៉ុន ថា ជាការខុសឆ្គង់ និងគ្រោះថ្នាក់ក្រៃលែង ។

មន្ត្រីនាំពាក្យចិនរូប នេះបានបន្តដូច្នេះថា “យើងនឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយ ធ្វើការជ្រៀតជ្រែក ដោយវិធីណាមួយ ក្នុងបញ្ហាតៃវ៉ាន់ឡើង ហើយគ្មានអ្នកណាអាចធ្វើការ វាយតម្លៃទាប ចំពោះការប្តេជ្ញា ឆន្ទៈនិងសមត្ថភាពដ៏ខ្លាំងក្លា របស់ប្រជាជនចិន ក្នុងកិច្ចការពារអធិប តេយ្យភាពជាតិ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top