បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ តួកគី លោក Hulusi Akar និងភាគីខាងអាមេរិក លោក Lloyd Austin កាលពីថ្ងៃពុធ បានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទ ទៅលើបញ្ហាមួយចំនួន។
ប្រភពដដែល បានបញ្ជាក់ទៀតថា កិច្ចពិភាក្សាគ្នា បានធ្វើឡើង ដោយទទួលបានទាំងដំណើរការល្អ និងវិជ្ជមានបំផុត ហើយប្រធានបទសំខាន់ៗ ដែលត្រូវបានលើក មកពិភាក្សានោះ មានដូចជាបញ្ហារៀបចំ ផែនការដំណើរការ និងការពារសន្តិសុខ សម្រាប់អាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល។
ប្រទេសតួកគី បានធ្វើការស្នើសុំ ដើម្បីក្លាយខ្លួនទៅជា អ្នកការពារនិងថែរក្សាសន្តិសុខ សម្រាប់អាកាសយានដ្ឋាន ទីក្រុងកាប៊ុល Hamid Karzai ជាពិសេសបន្ទាប់ពី អាមេរិកនឹង ដកទ័ពរបស់ខ្លួន អស់ចេញពីប្រទេសអាហ្គានីស្ថាន នោះ។
គួរឲ្យដឹងដែរថា នៅមុនកិច្ចប្រជុំនេះ អាមេរិកគឺធ្លាប់បានបញ្ចូន ក្រុមគណប្រតិភូមួយក្រុម មកដល់រដ្ឋធានីអង់ការ៉ា របស់តួកគី កាលពីថ្ងៃទី២៤និង២៥ ខែមិថុនា រួចមកហើយ ដើម្បីពិភាក្សានិងគាំទ្រ ទៅដល់បេសកកម្ម ព្រមទាំងជំនួយ ហិរញ្ញវត្ថុមួយចំនួនផងដែរ ទៅលើកិច្ចការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី