បរទេស៖ មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការវាយប្រហារជាបន្តបន្ទាប់ទៅលើបុគ្គលិកសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី នាពេលប៉ុន្មានថ្ងៃថ្មីៗន។
មន្ត្រីការទូតនិងកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែតនិងកូនដ្រូនកាលពីថ្ងៃពុធ ដោយរួមានគ្រាប់រ៉ុកកែតចំនួន១៤គ្រាប់ បានវាយប្រហារលើមូលដ្ឋានអ៊ីរ៉ាក់មួយ ដែលមានកងកម្លាំងអាមេរិក បណ្ដាលឲ្យបុគ្គលិកសេវាកម្មអាមេរិកពីររូបររងរបួស។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ពួកគេកំពុងតែប្រើប្រាស់អាវុធដ៏សាហាវ ហើយខ្ញុំមិនដឹងថា អ្នកអាចនិយាយថាបែបណានោះទេ ក្រៅពីថាវាជាការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយ”។
គួរបញ្ជាក់ថា ស្របពេលដែលគ្មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារទាំងនោះ អ្នកវិភាគមានការជឿជាក់ថា ការវាយប្រហារលើបុគ្គលិកសហរដ្ឋអាមេរិកទាំងអស់នោះ គឺជាផ្នែកនៃយុទ្ធនាការមួយធ្វើឡើងដោយកងកម្លាំងជីវពលគាំទ្រដោយអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង