ព័ត៌មានអន្តរជាតិ

សមត្ថភាពវាយប្រហារ តាមអ៊ីធឺណិត របស់កូរ៉េខាងជើង បង្កការគំរាមកំហែងខ្ពស់ ដល់អាមេរិក និងសម្ព័ន្ធមិត្ដ ជាពិសេសស្ថាប័ន ហិរញ្ញវត្ថុ

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការ បរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បង្កការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត យ៉ាងខ្លាំង ដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ជាពិសេសស្ថាប័នហិរញ្ញវត្ថុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួង ការបរទេស អាមេរិកលោក Ned Price ក៏បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងបែបនេះ ដែលបង្កឡើងដោយកូរ៉េខាងជើង ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “សកម្មភាពវាយប្រហារអ៊ិនធឺណិត របស់កូរ៉េខាងជើង គំរាមកំហែង ដល់សហរដ្ឋអាមេរិក ។ ពួកគេគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងដៃគូរបស់យើង និង បណ្តាប្រទេសនៅជុំវិញ ពិភពលោក” ។

ជនជាតិកូរ៉េខាងជើង ៣ នាក់ ត្រូវបាននាំខ្លួន ទៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ ដើម្បីប្រឈមមុខ នឹងការជំនុំជម្រះលើការ សង្ស័យពីបទព្យាយាម លួចយកសាច់ប្រាក់ ឬ cryptocurrency រហូតដល់ ១,៣ ពាន់លានដុល្លារពីធនាគារ និងអាជីវកម្ម។

អ្នកនាំពាក្យនាយកដ្ឋានរូបនេះ បានឲ្យដឹងថា “វានៅតែជាការគំរាមកំហែង ចារកម្មតាមអ៊ីនធឺណិត ។ ក្រុមនេះរក្សាសមត្ថភាព ក្នុងការធ្វើសកម្មភាពរំខាន តាមប្រព័ន្ធអ៊ីនធឺណិត ដូចដែលយើងបានឃើញក្រុមនេះធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ” ។

ការកត់សម្គាល់របស់ លោកធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានប្រកាសកាល ពីថ្ងៃព្រហស្បតិ៍ថា វិទ្យាស្ថានស្រាវជ្រាវ ថាមពលបរមាណូ ដែលគ្រប់គ្រងដោយរដ្ឋរបស់ខ្លួន អាចត្រូវបានប៉ះពាល់នឹងការវាយ ប្រហារតាមអ៊ីនធឺណិត របស់កូរ៉េខាងជើង អស់រយៈពេលជាយូរមក ហើយទោះបីជាមិនមានការលេចធ្លាយ ទិន្នន័យសំខាន់ៗក៏ដោយការ វាយប្រហារបែបនេះ៕

ដោយ ឈូក បូរ៉ា

To Top