ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16 និងកងទ័ពតួកគី ចូលរួមបេសកកម្មល្បាត ដែនអាកាសណាតូ

បរទេស៖អង្គការសម្ពន្ធមិត្តយោធាណាតូ បានធ្វើសេចក្តីប្រកាសថា យន្តហោះចម្បាំង F-16 ចំនួន៤គ្រឿងរបស់កងកម្លាំងជើងអាកាសតួកគី និងកងទ័ពចំនួន៨០នាក់ កំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីជួយក្នុងភារកិច្ចល្បាតដែនអាកាសបស់ណាតូ។

តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងនិងកងទ័ពតួកគី បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Malbork ក្នុងប្រទេសប៉ូឡូញភាគខាងជើង កាលពីថ្ងៃអង្គារ សម្រាប់ការចាត់តាំងរយៈពេល១០សប្ដាហ៍ ជាមួយកងទ័ពអាកាសប៉ូឡូញ និងកងកម្លាំងដទៃទៀត ក្នុងដំណើរគាំទ្រដល់បេសកកម្មល្បាតដែនអាកាសរបស់ណាតូ នៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការណាតូបាននិយាយថា វត្តមានបច្ចុប្បន្នរបស់កងកម្លាំងជើងអាកាសអេស្ប៉ាញនៅប្រទេសលីទុយអានី និងក្រុមកងកម្លាំងជើងអាកាសអ៊ីតាលីនៅអេស្តូនី គឺជាមធ្យោបាយជួយសម្រួលដល់កិច្ចសហប្រតិបត្តិការនិងអន្តរប្រតិបត្តិការសម្ពន្ធមិត្ត ពង្រឹងទំនុកចិត្តដល់សម្ពន្ធមិត្តណាតូ នៅតាមព្រំដែនភាគខាងកើតរបស់ណាតូ។

គួរបញ្ជាក់ថា បេសកកម្មល្បាតដែនអាកាសនេះ គឺត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ និងពង្រីកឲ្យកាន់តែធំនៅក្នុងឆ្នាំ២០១៤ ដើម្បីការពារដែនអាកាសនៅប្រទេសអេស្តូនី ឡាតវី និងលីទុយអានី រដ្ឋនៅតំបន់សមុទ្របាល់ទិក និងសមាជិកណាតូ ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី៕ប្រែសម្រួល៖ប៉ាង កុង


To Top