ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា នឹងបិទសាលារៀនទាំងអស់ឡើងវិញ ដោយសារវីរុសកូរ៉ូណាក្លាយពូជ កំពុងឆ្លងរាតត្បាតខ្លំាង

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមីយ៉ាន់ម៉ា នឹងបិទទ្វារដំណើរការជាបណ្តោះអាសន្នសម្រាប់សាលារៀនទាំងអស់ ដោយសារតែថ្មីៗនេះបានរកឃើញវត្តមាននៃការផ្ទុះឡើងនូវវីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏ មួយនេះ ។

ការបិទគ្រឹះស្ថានអប់រំមូលដ្ឋាន ក្នុងនោះរាប់ទាំងសាលារៀនឯកជន និងពុទ្ធិកវិទ្យាល័យ បន្ទាប់ពីបានបើកដំណើរការឡើងវិញកាលពីខែមុន ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រនេះ និងរហូតដល់ថ្ងៃទី២៣ ខែកក្កដា ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៤.១៣២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១៨០.០៥៥នាក់ ។ លើសពីនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់៣.៦២១នាក់ ជាមួយនេះដែរមានអ្នកស្លាប់បន្ថែមទៀតចំនួន៥១នាក់ ដែលបានកត់ត្រានៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ចំនួន២ករណីលើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top