ព័ត៌មានអន្តរជាតិ

មន្ត្រីអារ៉ាប៊ីសាអូឌីត៖ សកម្មភាពនុយក្លេអ៊ែអ៊ីរ៉ង់ ជារឿងគួរឲ្យព្រួយបារម្ភ

បរទេស៖ ក្រោយទីក្រុងតេអេរ៉ង់ចាប់ផ្តើម ដំណើរការផលិតលោហៈអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់រួច មន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត មានក្តីព្រួយបារម្ភពីសកម្មភាព នុយក្លេអ៊ែកើនឡើងរបស់អ៊ីរ៉ង់ ដែលគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់។

ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើរការ ចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូម ហើយទង្វើនេះ អាចនឹងជួយអ៊ីរ៉ង់ អភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ និងត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុបនានា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បាននិយាយថា វិធានការរបស់ខ្លួន គឺមានទិសដៅធ្វើការអភិវឌ្ឍឥន្ធនៈសម្រាប់រ៉េអាក់ទ័រស្រាវជ្រាវមួយកន្លែង មិនមែនដើម្បីធ្វើការផលិតអាវុធនុយក្លេអ៊ែនោះទេ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តអឺរ៉ុង បានមើលឃើញទង្វើអ៊ីរ៉ង់នោះថា ជាការគម្រាមកំហែងមួយចំពោះកិច្ចពិភាក្សាគ្នា ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលបានដាក់ការរឹតបន្តឹង លើសកម្មភាពនុយក្លេអ៊ែអ៊ីរ៉ង់ ដើម្បីជាថ្នូរនៃការលើកលែង ទណ្ឌកម្មអន្តរជាតិ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top