ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកក និងខេត្តចំនួន ៥ទៀត នឹងដាក់បម្រាមគោរចរពេលយប់ រយៈពេល ២សប្តាហ៍

បរទេស៖ វិធានការតឹងរឹង រួមទាំងបម្រាមគោចរ នឹងត្រូវដាក់នៅក្នុងទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ៥ ក្នុងរយៈពេលពីរសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទសប្តាហ៍ក្រោយតទៅ ខណៈរដ្ឋាភិបាលព្យាយាម ទប់ស្កាត់ចំនួនអ្នកឆ្លងថ្មី Covid-19 ដែលកំពុងកើនឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បម្រាមគោចរម៉ោង ៩ យប់ ដល់ម៉ោង៤ ព្រឹកដដែល នឹងត្រូវបានដាក់នៅក្នុងខេត្តចំនួន ៤ នៅភាគអាគ្នេយ៍គឺខេត្ត Narathiwat, Pattani, Songkhla និង ខេត្ត Yala ។

វិធានការរឹតបន្តឹងនេះបានជះឥទ្ធិពលទៅលើទីក្រុង Bangkok ដែលរួមបញ្ចូលទាំងរដ្ឋធានីនិងខេត្តជិតខាងចំនួន ៥ គឺ Nonthaburi, Pathum Thani, Nakhon Pathom, Samut Prakan និង ខេត្ត Samut Sakhon ។

ការប្រកាសនេះត្រូវបានធ្វើឡើង ដោយមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) កាលពីរសៀលថ្ងៃសុក្រ។ វិធានការដែលត្រូវដាក់នៅក្រុង Bangkok រួមមានការបិទផ្សារតូចៗនានា លើកលែងតែអាជីវកម្មដូចជាផ្សារទំនើប ដែលនឹងអនុញ្ញាតឱ្យដំណើរការរហូតដល់ម៉ោង ៨ យប់។

កន្លែងផ្សេងទៀតត្រូវបានអនុញ្ញាត ឱ្យបើករហូតដល់ម៉ោង ៨ យប់ គឺធនាគារ ឱសថស្ថាន ហាងលក់ឧបករណ៍ទំនាក់ទំនង និងមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top