ព័ត៌មានអន្តរជាតិ

ទីក្រុង ហូជីមិញ ស្តុកម្ហូបអាហារ ១២០ ០០០ តោន សម្រាប់ប្រជាជន ១៣លាននាក់ ក្នុងការបិទខ្ទប់រយៈពេល ១៥ថ្ងៃ

បរទេស៖ ទីក្រុង ហូជីមិញ បានស្តុកស្បៀងអាហារចំនួន ១២០ ០០០ តោន និងមានសមត្ថភាពព្យាបាលអ្នកជំងឺ Covid-19 ចំនួន ២ ម៉ឺននាក់ ក្នុងពេលតែមួយ ខណៈពេលដែលទីក្រុងនេះ ចាប់ផ្តើមបិទខ្ទប់រយៈពេល ១៥ ថ្ងៃ ពីថ្ងៃសុក្រតទៅ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងទីក្រុងធំបំផុត របស់ប្រទេសវៀតណាម ដែលមានប្រជាជន ១៣ លាននាក់មួយនេះ គឺតម្រូវឱ្យប្រជាជនត្រូវ ស្នាក់នៅក្នុងផ្ទះ លើកលែងតែទិញអាហារ ឬថ្នាំពេទ្យឬទៅធ្វើការ នៅតាមរោងចក្រ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើក ។

អាជ្ញាធរក៏បានផ្អាក រាល់ការផ្តល់អាហារនិងភេសជ្ជៈទាំងនៅតាមភោជនីយដ្ឋាន និងតាមរយៈកម្មវិធី (apps) ចែកចាយអាហារផងដែរ។

រដ្ឋបាលក្រុងបាននិយាយថា ស្បៀងអាហារ មានគ្រប់គ្រាន់ និងផលិតផលចាំបាច់ដទៃទៀត អាចរកបានដើម្បីធានាថា ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនមិនត្រូវ បានប៉ះពាល់ឡើយ។ អាហារចំនួន ១២០ ០០០ តោន ដែលមាននៅពេលនេះ តំណាងឱ្យបរិមាណធម្មតាបីដង៕
ប្រែសម្រួលៈ ណៃ តុលា

To Top