កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម នឹងត្រូវបិទបញ្ចប់ ក្នុងកំឡុងពេលពាក់កណ្ដាល ខែសីហា ឆ្នាំ ២០២១ខាងមុខនេះ ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០២១ ក្នុងពិធីចែកអំណោយគ្រឿង ឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ ២០០គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីបានទទួលវ៉ាក់សាំង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួនជាង ៣០ម៉ឺននាក់ នៃស្រុកចំនួន៤ និងក្រុង១ បានសម្រេចលទ្ធផលប្រមាណជា ៨០%ហើយ ។ ដោយឡែក នៅស្រុកចំនួន ៥ទៀត ដែលមានប្រជាពលរដ្ឋ ប្រមាណជា ៤០ម៉ឺននាក់ ដែលរដ្ឋបាលខេត្ត និងរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងជូន នៅក្នុងសប្តាហ៍ក្រោយ ដែលនឹងត្រូវប្រើប្រាស់ វ៉ាក់សាំងជិត ១លានដូសទៀត ហើយយុទ្ធនាការនេះដែរ នឹងត្រូវបិទបញ្ចប់ នៅពាក់កណ្ដាល ខែសីហា ឆ្នាំ ២០២១។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់អ្នកចូលរួមទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ការពារថែរក្សាសុខភាពរបស់ខ្លួន ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នក ដែលបានចាក់វ៉ាក់សាំង រួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីជៀសអោយផុត ពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ ។