បរទេស៖ប្រធានាធិបតីបារំាង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានប្រកាសពីការផ្លាស់ប្តូរដ៏ចម្បងក្នុងការចូលរួមយោធារបស់ប្រទេសបារាំង នៅក្នុងតំបន់អាហ្វ្រិកខាងលិច បញ្ចប់ប្រតិបត្តិការដ៏ធំ ស្របពេលដែលក្តីព្រួយបារម្ភពីសន្តិសុខកើនឡើង។
ប្រទេសបារាំងមានទាហានប្រហែល៥.១០០នាក់ឈរជើងនៅទូទាំងតំបន់អាហ្វ្រិកខាងលិច ជាផ្នែកនៃប្រតិបត្តិការ Operation Barkhane ផ្តោតលើទប់ស្កាត់ការបះបោរនៅប្រទេសម៉ាលីនិងប្រទេសបួគីណាហ្វាសូ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់ច្បាស់ថាកងទ័ពចំនួនប៉ុន្មាននឹងនៅបន្ត ឬក៏ការដកទ័ពចេញនៅពេលណានោះទេ។

លោក Emmanuel Macron បានមានប្រសាសន៍ថា ប្រតិបត្តិការ Barkhane នេះនឹងត្រូវជំនួសដោយប្រតិបត្តិការថ្មី ជាមួយគោលដៅដែលត្រូវបានគាំទ្រដោយប្រទេសដទៃ ហើយលោកបានបន្ថែមថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើងក្រោយការពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសម៉ាលីតែងតាំងប្រធានាធិបតីស្តីទីថ្មី គឺលោកវរសេនីយ៍ឯក Assimi Goïta ហើយប្រទេសបារាំង បានផ្អាកប្រតិបត្តិការរួមគ្នាជាមួយយោធាម៉ាលី កាលពីសប្ដាហ៍មុន ក្រោយការកាន់កាប់យោធាដ៏ថ្មីបំផុត៕
ប្រែសម្រួល៖ប៉ាង កុង
