ព័ត៌មានអន្តរជាតិ

មេដឹកនាំចិន និងកូរ៉េខាងជើង ប្តេជ្ញាធ្វើសហប្រតិបត្តិការ កាន់តែខ្លាំង ប្រឈមមុខ អរិភាពពីបរទេស

បរទេស៖ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង និងប្រទេសចិន បានផ្ញើសារឲ្យគ្នាប្តេជ្ញាពង្រឹង សហប្រតិបតិ្តការ នៅគម្រប់ខួបនៃសន្ធិសញ្ញាមិត្តភាព និងការជួយគ្នាទៅវិញទៅមក នៃប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA។

នៅក្នុងសារមួយផ្ញើជូនលោកប្រធានាធិបតីចិន ស៊ី ជីនពីង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ចំណងមិត្តភាពរបស់ប្រទេសទាំងពីរ មានសារៈសំខាន់ចំពោះមុខ នៃកម្លាំងសត្រូវបរទេស ចំណែកលោក ស៊ី ជីនពីង បានសន្យាថានឹងនាំ សហប្រតិបត្តិការឲ្យទៅដល់ដំណាក់កាលថ្មីមួយ។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាសម្ពន្ធមិត្តដ៏ចម្បងតែមួយគត់ របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខា លើសន្ធិសញ្ញាក្នុងឆ្នាំ១៩៦១ និងទណ្ឌកម្មអន្តរជាតិដែលត្រូវបានគេដាក់ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាងនោះ ធ្វើឲ្យវាពឹងផ្អែកកាន់តែខ្លាំងឡើងជាងពេលពីមុន លើទីក្រុងប៉េកាំង សម្រាប់ជំនួញនិងការគាំទ្រផ្សេងៗទៀត។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាល របស់ប្រទេសកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុនបាននិយាយយ៉ាងដូច្នេះថា “បើទោះជាមានស្ថានភាពអន្តរជាតិស្មុគស្មាញ មិនធ្លាប់មានពីមុន ដែលទើបកើតមានក្នុងពេលប៉ុន្មានឆ្នាំនេះក៏ដោយ ក៏ការជឿទុកចិត្តគ្នា និងមិត្តភាពដ៏ខ្លាំងក្លា រវាងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងប្រទេសចិន មានភាពរឹងមាំកាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ”៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top