ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បំផ្លាញផែនការ រត់ពន្ធ អាវុធចូលពីលីបង់

បរទេស៖ កងកម្លាំងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល ដែលហៅកាត់ថា IDF និងក្រុមប៉ូលីស របស់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃសៅរ៍នេះ បានប្រកាសអះអាងថា ខ្លួនបានបំផ្លាញចោល នូវផែនការ រត់ពន្ធនាំចូលអាវុធ ជាច្រើនចូល ក្នុងប្រទេសពីប្រទេសលីបង់។

យោងតាមការបញ្ជាក់បន្ថែម ដោយ IDF បានឲ្យដឹងទៀតថា ការប៉ុនប៉ងនេះត្រូវ បានធ្វើឡើង កាលពីយប់ថ្ងៃសុក្រ នៅត្រង់ចំណុច ព្រំដែន ជាមួយនឹងប្រទេសលីបង់ ក្បែរទៅនឹងភូមិ Ghajar ដែលក្នុងនោះគេ បានពិនិត្យមើលឃើញថា មានកាំភ្លើងសរុបចំនួន៤៣ដើម ដែលមានតម្លៃ រហូតទៅដល់៨៣ម៉ឺនដុល្លារ អាមេរិក។

IDF ក៏បានបញ្ជាក់ដែរថា ការស៊ើបអង្កេត ក៏ត្រូវបានចាប់ផ្តើមភ្លាមៗ ផងដែរ ដើម្បីរកឲ្យឃើញអ្នកនៅពីក្រោយ ទោះបីជាបច្ចុប្បន្នខ្លួន បានដាក់ការសង្ស័យទៅលើ ក្រុមប្រយុទ្ធរបស់លីបង់ Hezbollah ​ដោយមានការជួយ ពីសំណាក់ ក្រុមប៉ូលីស អ៊ីស្រាអ៊ែល ផងដែរ។

ទោះបីជាយ៉ាងណានេះ គឺមិនមែនជាលើកដំបូងនោះឡើយ ដែលអាវុធជាច្រើន ត្រូវបានរឹបអូស ដោយកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅថ្នាំញៀន និងអាវុធ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា ក៏ត្រូវបាន
រកឃើញម្តងហើយ នៅក្បែរទៅនឹងព្រំដែន ជាមួយលីបង់ដដែលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top