ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធាំរណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសគុយបា បានរាយការណ៍ថា មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត បន្ទាប់ពីបានចុះក្នុងបញ្ជីថ្មីចំនួន ៦.៩២៣នាក់ និង ៤៧នាក់បន្ថែមទៀតបានស្លាប់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយសរុបអ្នកឆ្លងមាន ២៣៨.៤៩១នាក់ និងអ្នកស្លាប់ចំនួន ១.៥៣៧នាក់ ។
លោក Francisco Duran នាយកគ្រប់គ្រងជំងឺឆ្លង និងអនាម័យ របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងអំឡុងពេលរាយការណ៍ប្រចាំថ្ងៃរបស់គាត់ថា ក្នុងចំណោមអ្នកឆ្លងថ្មីដែលត្រូវបានរាយការណ៍ មាន៦.៨៨២នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ។

ភាគខាងលិចខេត្ត Matanzas ត្រូវបានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺចំនួន ៣.៣៥១នាក់ និងអត្រាស្លាប់គឺ ២.៦៦២.៧នាក់ ក្នុងចំណោមមនុស្ស ១០០.០០០នាក់ ដែលខ្ពស់បំផុតសម្រាប់កោះមួយនេះ ។
គុយបា កាលពេលថ្មីៗនេះ បានអនុវត្តនូវវិធានការថ្មីដើម្បី ទប់ស្កាត់នឹងការកើនឡើងនៃការឆ្លង ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងលើការត្រួតពិនិត្យការឆ្លងជំងឺ បង្កើនការត្រួតពិនិត្យសុខភាពអន្តរជាតិ និងបន្តយុទ្ធនាការចាក់វ៉ាក់សាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
