ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ហៅការចោទប្រកាន់ពីឥទ្ធិពលចិន លើការបោះឆ្នោតជារឿងឥតប្រយោជន៍


បរទេស៖ ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នៅថ្ងៃចន្ទនេះ បានពិពណ៌នាថា គ្មានប្រយោជន៍ ចំពោះការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសមួយរូប ដែលថា ទីក្រុងប៉េកាំងប្រហែលជាបានជួយកំណត់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៦។


ថ្លែងនៅវេទិកាមួយនាថ្ងៃចន្ទនេះ អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Albert del Rosario បានមានប្រសាសន៍ថា អង្គភាពអន្តរជាតិដែលគួរឲ្យជឿជាក់បំផុត បានផ្តល់ដំណឹងជូនលោកថា មន្ត្រីជាន់ខ្ពស់ចិនបានអួតថា ពួកគេអាចធ្វើឲ្យជះឥទ្ធិពលលើការបោះឆ្នោតជ្រើសប្រធានាធិបតីហ្វីលីពីនឆ្នាំ២០១៦ ដើម្បីឲ្យលោក ឌូតឺតេ ក្លាយជាប្រធានាធិបតី។


លោក Del Rosario ជាតួអង្គដ៏សំខាន់ក្នុងជ័យជំនះរបស់ហ្វីលីពីនលើការអះអាងកម្មសិទ្ធិរបស់ទីក្រុងប៉េកាំង លើដែនសមុទ្រចិនខាងត្បូង មិនបានផ្តល់សេចក្តីលម្អិតលើប្រភពព័ត៌មាន ដែលលោកនិយាយថា លោកបានទទួលនៅដើមឆ្នាំ២០១៩ អំពីវិធីដែលវាសម្រេច ឬក៏វិធីដែលចិនអាចមានឥទ្ធិពលលើលទ្ធផលបោះឆ្នោតនោះទេ។


យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Harry Roque មន្ត្រីនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន នៅក្នុងសន្និសីទកាសែត បានពិពណ៌នាការថ្លែងរបស់លោក Del Rosario នោះថាជារឿងឥតបានការ និងបានហៅលោកថាជាជនក្បត់ជាតិ នៅមុនពេលប្រាប់លោកឲ្យឈប់និយាយ៕


ប្រែសម្រួល៖ប៉ាង កុង

To Top