ព័ត៌មានអន្តរជាតិ

FDA អាមេរិក បន្ថែមការព្រមានថ្មី ពីផលរំខាន ដោយវ៉ាក់សាំង Johnson & Johnson

វ៉ាស៊ីនតោន ៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានបន្ថែមការព្រមានថ្មី ស្តីពីវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Johnson & Johnson ដោយលើកឡើងថា វ៉ាក់សាំងនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែសញ្ញាដ៏កម្រមួយ ដែលហៅថារោគសញ្ញា Guillain-Barre ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងថា រោគសញ្ញា Guillain Barre គឺជាជំងឺសរសៃប្រសាទ ដែលប្រព័ន្ធភាពស៊ាំ របស់រាងកាយ ធ្វើឱ្យខូចខាតដល់កោសិកា សរសៃប្រសាទ ធ្វើឱ្យសាច់ដុំចុះខ្សោយ និងជួនកាលអាចបណ្ដាល ឲ្យខ្វិនផងដែរ ។

រោគសញ្ញានេះបានកើតឡើង ចំពោះមនុស្សមួយចំនួន ដែលបានទទួលវ៉ាក់សាំងJohnson & Johnson ។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងទៀតថា នៅក្នុងមនុស្សភាគច្រើន រោគសញ្ញាបានចាប់ផ្តើម ក្នុងរយៈពេល ៤២ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្ដែឱកាសនៃការកើតមាននេះ គឺទាបណាស់ ។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានដកស្រង់សម្តីមជ្ឈមណ្ឌល អាមេរិក សម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (CDC) នៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍បឋមប្រហែល ១០០ នៃរោគសញ្ញា Guillain-Barre ត្រូវបានគេរកឃើញ នៅក្នុងអ្នកទទួលវ៉ាក់សាំង បន្ទាប់ពីរដ្ឋបាលវ៉ាក់សាំង Johnson & Johnson ចំនួន ១២,៨ លានដូស នៅក្នុងសហរដ្ឋអាមេរិក។

ក្នុងចំណោមរបាយការណ៍ ទាំងនេះ ៩៥ មានសភាពធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហើយម្នាក់ទៀតបានស្លាប់ ។ ករណីនេះត្រូវបាន គេរាយការណ៍ថា មានរយៈពេលប្រហែល ២ សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង ហើយភាគច្រើនជាបុរស ដែលមានអាយុលើសពី ៥០ ឆ្នាំ។

ក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson បានឲ្យដឹងថា ខ្លួនបានពិភាក្សាជាមួយ FDA និងនិយតករផ្សេងទៀត អំពីករណីកម្រនៃរោគសញ្ញា Guillain-Barreខាងលើនេះ ៕
ដោយ ឈូក បូរ៉ា

To Top