ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងបង្កើនផលិត ឱសថបុរាណ

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាងមានផែនការ បង្កើនផលិតកម្មឱសថ ឫសឈើធម្មជាតិបុរាណ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

កាសែតគណបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បានរាយការណ៍កាលពីថ្ងៃអង្គារថា ផលិតកម្មនៃឱសថកូរ៉េបុរាណ គឺជាកិច្ចការងារដ៏សំខាន់សម្រាប់រដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជានជដឹងពី ឧត្តមភាពនៃប្រពន្ធសង្គមនិយម។

កាសែតនេះក៏បាននិយាយផងដែរថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មការកណ្ដាលបក្សទី៨ កាលពីខែមិថុនា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ឲ្យផលិតឱសថកូរ៉េដែលមានប្រសិទ្ធភាពខ្ពស់ នៅតាមមូលដ្ឋានផលិតឱសថកូរ៉េផ្សេងៗគ្នា។

កាសែត Rodong នេះបាននិយាយយ៉ាងដូច្នេះថា “បច្ចុប្បន្ននេះ គឺជាពេលវេលាសម្រាប់កម្មករ និងនិយោជិតទាំងអស់ នៅក្នុងវិស័យឱសថកូរ៉េ មានការយល់ដឹងខ្លាំងឡើងពីបក្ស និងក្តីរំពឹងរបស់ប្រជាជនសម្រាប់ ការអភិវឌ្ឍឧស្សាហកម្មសុខាភិបាល” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top