ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានក្រុមហ៊ុន នានាមិនឲ្យធ្វើពាណិជ្ជកម្ម នៅតំបន់ស៊ីនជាំង

បរទេស ៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃពុធនេះ បានព្រមានដល់ក្រុមហ៊ុនពាណិជ្ជកម្មនានា ដែលមានសង្វាកផ្គត់ផ្គង់ និងវិនិយោគពាក់ព័ន្ធ តំបន់ស៊ីនជាំង ប្រទេសចិនថា ពួកគេអាចប្រឈមមុខ នឹងផលវិបាកតាមផ្លូវច្បាប់ ប្រសិនបើពួកគេមិនស្វែង រកជម្រើសដទៃ ស្របពេល ដែលសហរដ្ឋអាមេរិក បង្កើនសម្ពាធជុំវិញ ការប្រើប្រាស់ពលកម្ម ដោយបង្ខំរបស់ប៉េកាំង និងការរំលោភបំពាន សិទ្ធិមនុស្សផ្សេងទៀត ដែលធ្វើលើជនជាតិ មូស្លីមភាគតិច Uighur ។

សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ជារឿយៗ លើប្រទេសចិន ពីបទប្រព្រឹត្តទង្វើប្រល័យពូជសាសន៍ នៅក្នុងតំបន់ស៊ីនជាំង ហើយដែលថ្មីៗបំផុតនោះគឺ កាលពីថ្ងៃចន្ទ នៅក្នុងរបាយការណ៍ក្រសួង ការបរទេសអាមេរិកមួយ ស្តីពីទង្វើឃោរឃៅ ដែលត្រូវគេធ្វើនៅទូទាំងពិភពលោក ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអង្គារ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងសន្តិសុខផ្ទៃប្រទេស និងក្រសួង រតនាគារអាមេរិក បានព្រមានក្រុមហ៊ុននានាថា ប្រសិនបើពួកគេ នៅតែបន្តធ្វើជំនួញ នៅក្នុងតំបន់ស៊ីនជាំងនោះ ពួកគេអាចនឹងមានហានិភ័យខ្ពស់ នៃការបំពានច្បាប់អាមេរិក ។

គួរបញ្ជាក់ថា ប្រទេសចិន ត្រូវបណ្ដាប្រទេសលោកខាងលិចចោទ ប្រកាន់ពីបទឃុំខ្លួនជនជាតិភាគតិច Uighur និងជនជាតិមូស្លីមភាគតិចផ្សេងទៀត តាំងពីឆ្នាំ២០១៧មក នៅក្នុងជំរុំនៃតំបន់ស៊ីនជាំង ជាទីដែលពួកគេត្រូវបង្ខំ ឲ្យធ្វើការងារ ត្រូវគេក្រៀវនិងបាត់ខ្លួន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top