បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ នៅថ្ងៃពុធនេះ ថា សហរដ្ឋអាមេរិក បដិសេធការអះអាង កម្មសិទ្ធិដែនសមុទ្រខុសច្បាប់ របស់ចិននៅដែនសមុទ្រ ចិនខាងត្បូង និងឈរនៅខាងបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ ដែលប្រឈមមុខជាមួយការ បង្ខិតបង្ខំរបស់ទីក្រុងប៉េកាំង ។
ថ្លែងនៅក្នុងសន្និសីទ តាមវីដេអូខលជាមួយបណ្ដា រដ្ឋមន្ត្រីការបរទេស មកពីសមាគមអាស៊ាន លោក Antony Blinken ក៏បានមានប្រសាសន៍ផងដែរថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ានម៉ា និងបានជំរុញឲ្យអាស៊ាន ចាត់វិធានការ បញ្ចប់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសនេះ ។
កិច្ចប្រជុំជាមួយសមាគម អាស៊ានមានសមាជិក១០ប្រទេសនេះ គឺជាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក បៃដិន បានចូលកាន់អំណាច នៅក្នុងខែមករាមក និងត្រូវបានធ្វើឡើង ស្របពេលមានក្តីព្រួយបារម្ភនៅក្នុង ចំណោមមន្ត្រីការទូតនិង មន្ត្រីដទៃទៀតថា ទីក្រុងវ៉ាស៊ីនតោន មិនយកចិត្តទុកដាក់គ្រប់គ្រាន់ ចំពោះតំបន់មួយ ដែលមានសារៈសំខាន់ដល់យុទ្ធសាស្ត្រ តំបន់របស់ខ្លួន ក្នុងការទប់ទល់នឹងប្រទេសចិន ដែលមានឥទ្ធិពលកើនខ្លាំងឡើង ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price តាមសេចក្តីរាយការណ៍ លោក Antony Blinken បានជំរុញអាស៊ានឲ្យកាត់វិធានការភ្លាមៗ លើការព្រមព្រៀងគ្នា និងចាត់តាំងប្រេសិត ពិសេស មួយរូប ទៅមីយ៉ានម៉ា ហើយលោកក៏បានស្នើ ឲ្យមានការដោះលែងមនុស្សទាំងអស់ ដែលត្រូវចាប់ឃុំខ្លួន នៅមីយ៉ានម៉ា ដោយអយុត្តិធម៌ផងដែរ ៕ ប្រែសម្រួល៖ប៉ាង កុង